អភិបាលស្រុកព្រៃនប់ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ដើម្បីបម្រើផលប្រយោជន៍រួម, ប្រជាពលរដ្ឋសាទរក្រោយបានចំណងដៃផ្លូវថ្មី
03-06-2026 21:06
(ព្រះសីហនុ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោក លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំសហការី និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ចំនួន០១ខ្សែ ដែលស្ថិតនៅក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ
គម្រោងផ្លូវបេតុងអាមេថ្មីនេះ មានទំហំ ប្រវែង ៥៩៦ ម៉ែត្រ ទទឹង៥ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នាពេលនេះ គឺធ្វើឡើងដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលផ្សេងៗ ក៏ដូចជាការជំរុញសកម្មភាពសេដ្ឋកិច្ច និងប្រែក្លាយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងជាងមុន។
ក្នុងឱកាសនោះ លោកអភិបាលស្រុកព្រៃនប់ បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ធានាឱ្យបាននូវគុណភាព ភាពរឹងមាំ តម្លាភាព និងអាចប្រើប្រាស់បានយូរអង្វែង ដើម្បីជាប្រយោជន៍រួមរបស់សហគមន៍។
ទន្ទឹមនឹងការបើកការដ្ឋាននេះផងដែរ លោក អ៊ី ធារិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចំណែកថែរក្សាបរិស្ថាន និងអនាម័យជុំវិញលំនៅឋាន ដោយមិនត្រូវបោះសំរាមពាសវាលពាសកាលឡើយ។
លោកអិបាលស្រុក មានប្រសាសន៍ថា«សូមបងប្អូន រួមគ្នាថែរក្សាផ្លូវសាធារណៈឱ្យមានសោភ័ណភាព ស្អាត និងមានសណ្តាប់ធ្នាប់ ព្រមទាំងជំរុញឱ្យមានការដាំដើមឈើបៃតងបន្ថែម ដើម្បីរួមគ្នាបង្កើតសហគមន៍ស្អាត បរិស្ថានល្អ និងការរស់នៅប្រកបដោយផាសុកភាព»៕













