មន្រ្តីបរិស្ថានរកឃើញទីតាំងរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផល ១៤០ទីតាំង ក្នុងដែនជម្រកសត្វព្រៃបឹងពែរ, ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព

03-06-2026 21:27

(សៀមរាប)៖ មន្រ្តីបរិស្ថាន បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងចុះអនុវត្ដការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងបានរកឃើញទីតាំងដីរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផលចំនួន១៤០ទីតាំង ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

នៅដែនជម្រកសត្វព្រៃបឹងពែរ ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញមាន ទីតាំងដីរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ ចំនួន១២៩ទីតាំ ង ស្មើនឹងទំហំផ្ទៃដី៣៣០,០៩ហិកតា។

នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញមានទីតាំងដីរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ ចំនួន១០ទីតាំ ង ស្មើនឹងទំហំផ្ទៃដី១៨,៥៣ហិកតា។ បន្ទាប់មនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញមានទីតាំងដីរងការទន្រ្ទានថ្មី ចំនួន០១ទីតាំ ង ស្មើនឹងទំហំផ្ទៃដី០,២៥ហិកតា។

សូមបញ្ជាក់បទល្មើសខាងលើ គឺល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨៥១ ចំណុច (ច) កាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ ចំពោះអ្នកប្រព្រឹត្តបទល្មើស ត្រូវបានក្រុមការងារនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិខាងជើងបឹងទន្លេសាប មន្ទីរបរិស្ថានខេត្តសៀមរាប នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងនាំខ្លួនជនល្មើសយកមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ប្រតិបត្តិការអនុវត្តច្បាប់នេះ បានប្រព្រឹត្តទៅក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ ២០២៦ ដើម្បីការពារគម្របព្រៃឈើឱ្យនៅគង់វង្ស ដែលគាំទ្រផ្ទាល់ដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាមូលដ្ឋានគ្រឹះនៃសសរស្តម្ភ «ភាពបៃតង»

ក្រសួងបរិស្ថានបន្តអនុវត្តច្បាប់តឹងរឹង និងការសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ចុះល្បាត ធ្វើការទប់ស្កាត់ និងបង្រ្កាបលើជនល្មើសច្បាប់ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ។ ជនល្មើសត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ និងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់។

ក្រសួងបរិស្ថានបន្តផ្តល់សម្ភារៈ និងការពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបរួមមាន៖ រូបភាពផ្កាយរណប និងដ្រូន ដើម្បីស្រាវជ្រាវ ក៏ដូចជាចាត់វិធានការច្បាប់នៅតាមតាមតំបន់ការពារធម្មជាតិ។ លើសពីនេះក្រសួងបរិស្ថានជំរុញការបណ្តុះ និងការដាំដើមឈើដើម្បីបង្កើនភាពបៃតង នៅតាមទីសាធារណៈតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការដាំស្តារព្រៃ។

ក្នុងពេលជាមួយគ្នានេះក្រសួងបរិស្ថាននឹងជំរុញការអភិវឌ្ឍគោលដៅលម្ហែបៃតង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ ប្រែក្លាយសហគមន៍ជាសហគមន៍អព្យាក្រឹតកាបូន និងជួយពង្រឹងប្រព័ន្ធការពារធនធានធម្មជាតិកាន់តែប្រសើរថែមទៀត៕