រដ្ឋបាលខណ្ឌសែនសុខ ចុះពិនិត្យខុនដូមួយកន្លែងក្នុងខណ្ឌសែនសុខ និងឃាត់ខ្លួនជាតិចិន០៣នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

03-06-2026 22:31

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះបានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេស ចំនួន ០១ទីតាំង ស្ថិតនៅខុនដូរពិភពថ្មីសែនសុខ នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ដែលមាន ០៨អគារ និងមានបន្ទប់សរុបចំនួន ១៧៨៩បន្ទប់។

ការចុះពិនិត្យទីតាំងនេះ បានជួបជនបរទេសស្នាក់នៅចំនួន៣១បន្ទប់ ស្មើនឹងនាក់ ៣៧នាក់ ស្រី ០២នាក់ មាន០៥សញ្ជាតិ និងមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យ ONLINE SCAMS ឡើយ។

លោក ចេង មុនីរ៉ា បញ្ជាក់ថា នៅអគារទី៥ ជាន់ទី១២ បន្ទប់១២០១ បានរកឃើញជនជាតិចិន ចំនួន ០៣នាក់ ស្នាក់នៅដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ព្រមទាំងមានសម្ភារវត្ថុតាងក្នុងរួមមាន កុំព្យួទ័រយួរដៃ(LAPTOP) ចំនួន ០៣គ្រឿង និង ទូរសព្ទចំនួន ០៣គ្រឿង ។

យោងតាមការកោសល្យវិច្ច័យរបស់មន្ត្រីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានថា ពួកគេមានជាប់ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។

ដោយទទួលបានគោលការណ៍ណែនាំពីលោកប្រធានគណៈបញ្ជាការឯកភាពរាជនីភ្នំពេញ និងលោក សេង រិទ្ធិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចនាំខ្លួនជនជាតិចិនចំនួន ០៣នាក់ និងដកហូតសម្ភារវត្ថុតាងខាងលើ ប្រគល់ជូនស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវីធីបន្ដ និងសម្រេចបិទឃ្លុំបន្ទប់លេខ១២០១ ជាន់ទី១២ នៃអគារទី៥ ជាបណ្ដោះអាសន្ន៕