វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក
04-06-2026 09:10
(ភ្នំពេញ)៖ ទឹក គឺជាជីវិត។ ទឹកគ្រប់កែវដែលយើងពិសា ត្រីគ្រប់ក្បាលដែលយើងបរិភោគ និងដំណាំគ្រប់ប្រភេទដែលយើងប្រមូលផល សុទ្ធតែពឹងផ្អែកលើប្រភពទឹកស្អាត និងមានសុវត្ថិភាព។
ទោះជាយ៉ាងណាក៏ដោយ នៅទូទាំងសកលលោក ការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះសុខភាពសាធារណៈ បែរជាយើងមើលមិនឃើញទៅវិញ នោះគឺកាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម (មិនបានចម្រោះ) ដែលត្រូវបានបង្ហូរចូលទៅក្នុងទន្លេ ស្ទឹង បឹងបួរ និងប្រភពទឹកក្រោមដី។
ខណៈដែលទឹកដែលរងការបំពុលអាចមើលទៅមានសភាពល្អក់កខ្វក់ ឬមានក្លិនមិនល្អ គ្រោះថ្នាក់ពិតប្រាកដជារឿយៗស្ថិតនៅក្រោមផ្ទៃទឹក។ ទឹកកខ្វក់ដែលមិនបានធ្វើប្រព្រឹត្តិកម្ម អាចផ្ទុកទៅដោយសារធាតុគីមីពុល សារធាតុលោហៈធ្ងន់ សារធាតុរលាយក្នុងឧស្សាហកម្ម ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគ្រោះថ្នាក់ផ្សេងៗទៀត ដែលអាចសម្ងំរស់នៅក្នុងបរិស្ថានបានរាប់ឆ្នាំ។ នៅពេលដែលសារធាតុបំពុលទាំងនេះជ្រាបចូលទៅក្នុងប្រភពទឹក ពួកវានឹងអាចលួចជ្រៀតចូលទៅក្នុងរាងកាយរបស់មនុស្សយើងនៅទីបំផុត។ ផលវិបាករយៈពេលវែងដែលគួរឱ្យព្រួយបារម្ភបំផុតមួយ គឺការកើនឡើងនៃហានិភ័យនៃជំងឺមហារីក។
ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានបង្ហាញថា ការប៉ះពាល់ក្នុងរយៈពេលយូរទៅនឹងសារធាតុបំពុលមួយចំនួនដែលមាននៅក្នុងទឹកកខ្វក់ អាចរួមចំណែកដល់ការកកើតនៃជំងឺមហារីក។ សារធាតុលោហៈធ្ងន់ ដូចជា អាសេនិក (Arsenic) កាត់មីញ៉ូម (Cadmium) ក្រូមីញ៉ូម (Chromium) និងសំណ (Lead) ព្រមទាំងសារធាតុគីមីឧស្សាហកម្ម និងថ្នាំសម្លាប់សត្វល្អិតមួយចំនួន ត្រូវបានរកឃើញថាមានការទាក់ទងទៅនឹងទម្រង់ផ្សេងៗនៃជំងឺមហារីក។ មនុស្សអាចប្រឈមនឹងសារធាតុទាំងនេះតាមរយៈការពិសាទឹកដែលរងការបំពុល ការបរិភោគត្រីនិងជីវៈចម្រុះដទៃទៀតដែលចាប់បានពីប្រភពទឹកកខ្វក់ ឬការបរិភោគផលដំណាំដែលស្រោចស្រពដោយទឹកដែលមានផ្ទុកសារធាតុពុល។
គ្រោះថ្នាក់នេះជារឿយៗកើតឡើងយឺតៗបន្តិចម្តងៗ ខុសពីជំងឺឆ្លងដែលចេញរោគសញ្ញាភ្លាមៗ សារធាតុបំពុលដែលបង្កជាជំងឺមហារីកអាចសន្សំក្នុងរាងកាយក្នុងរយៈពេលជាច្រើនឆ្នាំ។ បុគ្គលម្នាក់ៗអាចនឹងមិនដឹងខ្លួនថាខ្លួនកំពុងប៉ះពាល់នឹងសារធាតុទាំងនោះឡើយ រហូតទាល់តែបញ្ហាសុខភាពធ្ងន់ធ្ងរលេចឡើងក្នុងរយៈពេលរាប់ទសវត្សរ៍ក្រោយមក។
សហគមន៍ដែលរស់នៅជិតទន្លេដែលរងការបំពុល និងតំបន់ឧស្សាហកម្ម ជារឿយៗជាអ្នកប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត។ អ្នកនេសាទដែលទីពឹងលើប្រភពទឹកក្នុងតំបន់ កសិករដែលពឹងផ្អែកលើទឹកទន្លេសម្រាប់ស្រោចស្រពដំណាំ និងក្រុមគ្រួសារដែលប្រើប្រាស់ទឹកក្រោមដីដែលមិនបានចម្រោះ សុទ្ធតែអាចរងគ្រោះដូចគ្នា ប្រសិនបើការបំពុលមិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ។
ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក៏មានទំហំធំធេងដូចគ្នា។ ការព្យាបាលជំងឺមហារីកបានដាក់បន្ទុកហិរញ្ញវត្ថុ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរលើក្រុមគ្រួសារអ្នកជំងឺ។ ប្រព័ន្ធសុខាភិបាលត្រូវប្រឈមនឹងការកើនឡើងនៃថ្លៃដើមព្យាបាល ស្របពេលដែលផលិតភាពការងារត្រូវធ្លាក់ចុះនៅពេលប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺ។ ការបាត់បង់កម្លាំងពលកម្មដែលមានសុខភាពល្អ មិនត្រឹមតែជះឥទ្ធិពលដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការអភិវឌ្ឍជាតិទាំងមូលផងដែរ។
ហេតុផលនេះហើយ ទើបការទប់ស្កាត់ការបំពុលទឹកមិនមែនគ្រាន់តែជាបញ្ហាបរិស្ថានសាមញ្ញមួយមុខនោះទេ ប៉ុន្តែវាជាអាទិភាពចម្បងនៃសុខភាពសាធារណៈ។
រដ្ឋាភិបាល វិស័យឧស្សាហកម្ម និងសហគមន៍ សុទ្ធតែមានតួនាទីត្រូវចូលរួម។ ផ្នែកឧស្សាហកម្មត្រូវតែធានាថា ទឹកកខ្វក់ត្រូវបានធ្វើប្រព្រឹត្តិកម្មយ៉ាងត្រឹមត្រូវមុននឹងបង្ហូរចេញ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែរឹតបន្តឹងការអនុវត្តបទប្បញ្ញត្តិបរិស្ថាន និងធ្វើការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ។ ដោយឡែក សហគមន៍ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាដើម្បីរក្សាទន្លេស្ទឹងឱ្យស្អាត និងរាយការណ៍ពីករណីបំពុលនានានៅពេលដែលបានជួបប្រទះ។
ការធ្វើតេស្តគុណភាពទឹក ជលផល និងផលិតផលកសិកម្មជាប្រចាំ ក៏ជាកត្តាចាំបាច់មិនអាចខ្វះបានផងដែរ។ ការតាមដានត្រួតពិនិត្យនេះ ជួយឱ្យយើងកំណត់ដឹងពីហានិភ័យដែលអាចកើតមានបានទាន់ពេលវេលា និងអនុញ្ញាតឱ្យអាជ្ញាធរចាត់វិធានការកែតម្រូវ មុនពេលដែលការបំពុលនោះជះឥទ្ធិពលដល់សុខភាពមនុស្ស។
នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត ការការពារប្រភពធនធានទឹកកំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើង ស្របពេលដែលសេដ្ឋកិច្ចមានការរីកចម្រើន ហើយសកម្មភាពឧស្សាហកម្មមានការរីកសាយភាយ។ ការអភិវឌ្ឍសេដ្ឋកិច្ចមិនគួរដោះដូរមកវិញដោយការបំផ្លាញសុខភាពសាធារណៈនោះឡើយ។ ការអភិវឌ្ឍប្រកបដោយចីរភាព មានន័យថាត្រូវធានាឱ្យបានថា កំណើនសេដ្ឋកិច្ច ការការពារបរិស្ថាន និងសុខុមាលភាពរបស់មនុស្សជាតិ ត្រូវដើរទន្ទឹមគ្នាទៅមុខ។
មេរៀននេះមានភាពសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ៖ រាល់ការបង្ហូរកាកសំណល់ដោយគ្មានការចម្រោះចូលទៅក្នុងប្រភពទឹក សុទ្ធតែបន្សល់ទុកនូវផលវិបាកដែលហួសពីប្រភពទឹកនោះទៅទៀត។ វាអាចប៉ះពាល់ដល់ត្រីដែលយើងបរិភោគ ដំណាំដែលយើងដាំដុះ ទឹកដែលយើងពិសា និងចុងក្រោយគឺសុខភាពគ្រួសាររបស់យើងផ្ទាល់។
ទឹកស្អាត គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយរបស់មនុស្សជាតិ។ តាមរយៈការទប់ស្កាត់កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម មិនឱ្យហូរចូលទៅក្នុងប្រភពទឹករបស់យើងនៅថ្ងៃនេះ គឺយើងកំពុងតែកាត់បន្ថយហានិភ័យនៃជំងឺដង្កាត់នៅថ្ងៃស្អែក ជួយការពារមនុស្សជំនាន់ក្រោយ និងកសាងសង្គមមួយដែលមានសុខភាពល្អ និងវិបុលភាពជាងមុនសម្រាប់ទាំងអស់គ្នា។ ដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងការបំពុលទឹក មិនមែនគ្រាន់តែជាការតស៊ូដើម្បីបរិស្ថានតែមួយមុខនោះទេ ប៉ុន្តែវាគឺជាការតស៊ូដើម្បីការពារជីវិតមនុស្សជាតិទាំងមូល៕




