គណៈប្រតិភូ នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំរបស់ Tongji University ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្តល់អាហារូបករណ៍
04-06-2026 10:50
(សៀងហៃ,ចិន)៖ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ត្រាំង លី អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រតិភូ ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំរបស់ Tongji University ក្នុងក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន និងបាននាំយកលិខិតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ប្រគល់ជូនថ្នាក់ដឹកនាំសាកលវិទ្យាល័យដោយផ្ទាល់ ផងដែរ។ ជំនួបពិភាក្សាការងារនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ក៏ដូចជាការស្វែងរកឱកាសបន្ថែមសម្រាប់និស្សិតកម្ពុជា បានមកបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅ Tongji University។
ក្នុងជំនួបនេះ លោកបណ្ឌិត ត្រាំង លី បានមានប្រសាសន៍លើកឡើងពីការរួមយ៉ាងសកម្មរបស់សាកលវិទ្យាល័យ ដែលកន្លងមកតែងតែផ្តល់ការគាំទ្រ យកចិត្តទុកដាក់ និងផ្តល់ឱកាសអាហារូបករណ៍ជាបន្តបន្ទាប់ដល់យុវជនកម្ពុជា ដើម្បីទទួលបានជំនាញពិតប្រាកដ និងត្រឡប់ទៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិវិញ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ និងបានកោតសរសើរ ចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្នុងការជួយដល់យុវជនកម្ពុជា ឱ្យទទួលបានឱកាសអាហារូបករណ៍ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែប្រសើរបន្ថែមទៀត៕

























