ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល»
04-06-2026 11:05
(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដោយតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក.ប.ទ. ទាំងអស់បានសិក្សាស្វែងយល់និងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារ ជំរុញនវានុវត្តន៍ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងចូលរួមកសាងអនាគតឌីជីថលរបស់កម្ពុជា នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដែលបានបែងចែកជា១១ក្រុម តាមពេលវេលា និងទីកន្លែងកំណត់ ផងដែរ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការ លើមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតរបស់កម្ពុជា ហានិភ័យនិងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងាររួមមាន សមត្ថភាពក្នុងការសួរសំណួរដើម្បីបំផុសគំនិត ការសង្ខេបឯកសារឱ្យមានភាពខ្លីខ្លឹម ការរៀបចំលិខិតស្នាម កាលវិភាគ ផែនការហិរញ្ញវត្ថុ ការរៀបចំស្លាយបទបង្ហាញ ការបង្កើតមាតិកា ឬគេហទំព័រផ្សព្វផ្សសាយ រួមទាំងការងារបច្ចេកទេសកម្រិតខ្ពស់លើការវិភាគទិន្នន័យស្មុគស្មាញ និងការគ្រប់គ្រងឯកសារ ឬគម្រោងរបស់ស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថល ក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕














