ទិដ្ឋភាពនៃការដាំដុះដើមប្រេងខ្យល់ ការលូតលាស់ ការប្រមូលផល និងការកែច្នៃ
04-06-2026 11:13
(ភ្នំពេញ)៖ ក្នុងវីដេអូនេះ ជាទិដ្ឋភាពនៃការដាំដុះដើមប្រេងខ្យល់ ការលូតលាស់ ការប្រមូលផលឈើ និងការកែច្នៃដើមប្រេងខ្យល់។ ទិដ្ឋភាពនេះ ស្ថិតនៅដីក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលជាទីតាំងវិនិយោគដាំដើមប្រេងខ្យល់ដោយក្រុមហ៊ុនហូលីផ្លេនថេសិន។
ក្រុមហ៊ុនហូលីផ្លេនថេសិន ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលអភិវឌ្ឍលើការដាំដើមប្រេងខ្យល់យកទៅកែច្នៃនៅលើផ្ទៃដីស្ថានីយផ្សព្វផ្សាយ ស្តារព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង លើផ្ទៃដីសរុបទំហំ ៣៤,០០៧ហិកតា។ ប៉ុន្តែផ្ទៃដីជាក់ស្តែងដែលក្រុមហ៊ុនអាចដាំដុះបានមានតែជាង ២ម៉ឺនហិកតាប៉ុណ្ណោះ ដោយឡែកផ្ទៃដីជាង ១ម៉ឺនហិកតាទៀត ជាប់ពាក់ព័ន្ធនឹងផ្ទៃដីសហគមន៍ និងដីដែលប្រជាពលរដ្ឋបានកាន់កាប់។
ចាប់តាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុន បានដាំដុះដើមប្រេងខ្យល់ជាបន្តបន្ទាប់នៅលើផ្ទៃស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្នក្រុមហ៊ុន បានដាំដុះរួចរាល់លើផ្ទៃដីជាង ១ម៉ឺន ៣ពាន់ហិកតា ហើយឈើខ្លះ ក៏អាចកាត់យកមកកែច្នៃបានហើយ។ ក្រុមហ៊ុនកំពុងបន្តដាំដើមប្រេងខ្យល់ថ្មីក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែង លើផ្ទៃដីជាង ៤ពាន់ហិកតាបន្ថែមទៀត។
ដើមប្រេងខ្យល់ដែលដាំតាំងពីឆ្នាំ២០១៩មកនោះ បច្ចុប្បន្ននេះ ប្រមូលផលបានជិត៣ពាន់ហិកតាហើយ។ ឈើដែលប្រមូលផលនេះ ត្រូវបានយកទៅកែច្នៃជាក្តាបន្ទះ និងគ្រឿងសង្ហារឹមផ្សេងៗមួយចំនួនទៀត ក្នុងមួយឆ្នាំប្រើឈើពីចំការឈើដាំនេះ រង្វង់១០ម៉ឺនតោន។
ជាមួយនឹងការវិនិយោគដាំដើមប្រេងខ្យល់នេះ ក្រុមហ៊ុនក៏កំពុងរួមចំណែកជួយដល់សហគមន៍តាមរយៈសង់ផ្លូវ និងស្ពានជូនប្រជាពលរដ្ឋប្រើប្រាស់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់ដាច់ស្រយាលនេះ ឱ្យមានប្រាក់ចំណូលទៀងទាត់ តាមរយៈការងារដាំដុះ ថែទាំ ប្រមូលផល និងក្នុងរោងចក្រកែច្នៃ៕




