ព្រះវិន័យធរគណខេត្តកំពង់ស្ពឺស្តីទី ខេត្តកំពង់ស្ពឺ ឧបត្ថម្ភបច្ច័យសម្រាប់ពិធីប្រឡងធម្មកោសល្យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯកទាំង ៩ក្រុង ស្រុក
04-06-2026 11:59
(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺស្តីទី បានឧបត្ថម្ភបច្ច័យប្រឡងធម្មកោសល្យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ទាំង ៩ក្រុង ស្រុក ទូទាំងខេត្តកំពង់ស្ពឺ នៅក្នុងមួយស្រុកទទួលបានបច្ច័យ ២០០ ០០០រៀល ស្មើនឹងបច្ច័យ១ ៨០០ ០០០រៀល។
ការប្រឡងប្រឡងធម្មកោសល្យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ពិធីប្រឡងធម្មកោសល្យ គឺជាការប្រឡងបញ្ចប់វគ្គសិក្សាផ្នែកពុទ្ធិកសិក្សា ជាពិសេសលើមុខវិជ្ជាខាងព្រះពុទ្ធសាសនា គម្ពីរដីកា និងភាសាបាលី សម្រាប់ព្រះសង្ឃ និងសាមណេរ។ ពិធីនេះនឹងត្រូវរៀបចំឡើងយ៉ាងឱឡារិកដោយក្រសួងធម្មការ និងសាសនា ដើម្បីវាយតម្លៃសមត្ថភាព និងដំឡើងកម្រិតថ្នាក់ដល់បេក្ខសមណៈ។
ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាថា ការប្រឡងវិញ្ញាបនបត្រ ធម្មវិន័យ (ធម្មកោសល្យ) ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក គឺជាការប្រឡងកម្រិតមូលដ្ឋានផ្នែកពុទ្ធសាសនា ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា សហការជាមួយ សាលាគណទាំងពីរគណៈ (មហានិកាយ និងធម្មយុត្តិកាយ) សម្រាប់សមណសិស្ស និងសិស្សទូទៅ។
ការប្រឡងនេះត្រូវបានបែងចែកជា ៣កម្រិត ដោយផ្អែកលើកម្មវិធីសិក្សារបស់ក្រសួង៖
*ថ្នាក់ត្រី (កម្រិតបឋម) ជាថ្នាក់ដំបូងដែលសិក្សាអំពីគោលការណ៍សីលធម៌ និងវិន័យសង្ឃ។
*ថ្នាក់ទោ (កម្រិតមធ្យម) ជាថ្នាក់កម្រិតបន្ទាប់ដែលស៊ីជម្រៅលើគម្ពីរដីកា សុភាសិត និងវិន័យបន្ត។
*ថ្នាក់ឯក (កម្រិតខ្ពស់) ជាថ្នាក់បញ្ចប់កម្រិតធម្មវិន័យ ដែលតម្រូវឱ្យមានការយល់ដឹងទូលំទូលាយលើប្រវត្តិព្រះពុទ្ធសាសនា គម្ពីរ និងធម្មកោសល្យ។
ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាបន្តថា ក្នុងដំណាក់កាលទី១ នីតិកាលទី៧នេះ ដឹកនាំដោយសម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ជាអាទិភាព គឺពង្រឹងភាពជាប្រជាពករដ្ឋក្នុងសង្គម ប្រកបដោយសីលធម៌ និងបរិយាបន្នដែលមានគោលដៅ លើការធ្វើពលរដ្ឋភាវូបនីយកម្មឱ្យមានសមត្ថភាព ប្រកបដោយសីលធម៌ គុណធម៌ សុចរិយាធម៌ សុចរិតភាព វិន័យ និងការទទួលខុសត្រូវខ្ពស់។
បន្ថែមពីនេះ ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាថា ព្រះពុទ្ធសាសនា ជាស្ថាប័នមួយដ៏សំខាន់ បានចូលរួមយ៉ាងសកម្មក្នុងការអប់រំប្រជាពលរដ្ឋ។ ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ក្រុង ស្រុក ជាពិសេស មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមបណ្តុះបណ្តាលនូវធនធានមនុស្សស្របតាមយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល។
ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាបញ្ជាក់ថា ជាពិសេសក្នុងដំណាក់កាលរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស បានក្លាយជាអាទិភាពទីមួយ នៅក្នុងគោលដៅយុទ្ធសាស្ត្រ អប់រំរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់នូវចំណេះដឹងសមត្ថភាព សីលធម៌ សីលធម៌មនសិការ ស្នេហាជាតិនិងស្មារតីទទួលខុសត្រូវជាដើម។
ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាគូសបញ្ជាក់ថា បានបន្តថា ជាការពិតណាស់ដំណើរការប្រឡងនេះជាដំណាក់កាលមួយដ៏សំខាន់សម្រាប់បេក្ខជនគ្រប់រូប គ្រប់ព្រះអង្គ ដែលបានខិតខំរៀនសូត្រអស់រយៈពេលពេញមួយឆ្នាំ។ ដើម្បីធ្វើការវាស់ស្ទង់ និងបង្ហាញអំពីសមត្ថភាពចំណេះដឹងនិងការប្រឡងប្រកបដោយគុណភាព ព្រោះតែកើតចេញពីឆន្ទៈនិងការព្យាយាមសម្រាប់សិក្សារៀនសូត្រ៕










