តួកគីយ៉េ សន្យាបង្កើនចំនួនអាហារូបករណ៍បន្ថែមទៀត ជូនដល់និស្សិតកម្ពុជាទាំងការសិក្សានៅក្នុងស្រុក និងនៅតួកគីយ៉េ
04-06-2026 14:15
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយ ជាមួយលោក MESUT OZCAN ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
ជំនួបពិភាក្សាការងារនាឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-តួកគីយ៉េ) ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត លើលើវិស័យអប់រំ មនុស្សធម៌ កសិកម្ម សុខាភិបាល ទេសចរណ៍ជាដើម។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអបអរសាទចំពោះ ឯកអគ្គរដ្ឋទូតរបស់តួកគីយ៉េថ្មី ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា វត្តមានរបស់លោកក្នុងបេសកកម្មជា ឯកអគ្គរដ្ឋទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េឱ្យកាន់តែរីកចម្រើនបន្តទៀត។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគីយ៉េ ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយមនុស្សធម៌នានាដល់កម្ពុជា ជាពិសេសតាមរយៈគម្រោងអភិវឌ្ឍសហគមន៍ ការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ដែលបានផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ដែរថា បច្ចុប្បន្ននិសិ្សតកម្ពុជាចំនួន៧៧នាក់ កំពុងបន្តការសិក្សាលើមុខជំនាញផ្សេងៗនៅសាធារណរដ្ឋតួកគីយ៉េ មានទាំងនិស្សិតឥស្លាម និងមិនមែនឥស្លាម។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំចុងក្រោយនេះ និស្សិតកម្ពុជាជាច្រើនបានបញ្ចប់ការសិក្សាពីប្រទេសតួកគីយ៉េ ហើយពួកគេបានត្រឡប់មកវិញ ជាមួយសមត្ថភាព ចំណេះជំនាញគ្រប់គ្រាន់ ក្នុងការបំពេញការងារក្នុងផ្នែកផ្សេងៗ និងជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
តាមរយៈឯកអគ្គរដ្ឋទូតថ្មី លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យតួកគីយ៉េ បន្តគាំទ្រផ្តល់ជំនួយមនុស្សធម៌ផ្សេងៗ អាហារូបករណ៍ ជំរុញអ្នកវិនិយោគមកធ្វើការវិនិយោគលើវិស័យហាឡាល និងកសិកម្ម នៅកម្ពុជា ព្រោះនៅទីនេះកម្លាំងពលកម្មមានតម្លៃទាប ហើយរដ្ឋក៏បានច្បាប់អនុគ្រោះជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ ហើយកាន់តែងាយស្រួលនោះ គឺប្រទេសយើងទាំងពីរ ក៏មានការតភ្ជាប់ជើងហោះហើរត្រង់ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានរំលេចពីវឌ្ឍនភាពសហគមន៍ឥស្លាមនៅកម្ពុជា សុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា ក្រោមការដឹកនាំដ៏គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តមកសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏នៅតែបន្តផ្តល់គោលនយោបាយ រៀបចំឱ្យមានបងប្អូនមុស្លិម បានចូលរួមបម្រើកិច្ចការជូនជាតិនៅក្នុងស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ រដ្ឋបាល ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ហើយរដ្ឋក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួន១៥០០នាក់ ចូលទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត MESUT OZCAN វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហគមន៍ឥស្លាមកម្ពុជាទាំងក្នុងឆាកនយោបាយ សេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលធ្វើឱ្យសហគមន៍ឥស្លាមកម្ពុជាមានឥទ្ធិពល និងការទទួលស្គាល់កាន់តែខ្លាំង។
លោកបានលើកឡើងថា អង្គការមូលនិធិ Diyanet ដែលបានគាំទ្រសហគមន៍ខ្មែរឥស្លាមជាង៣០ឆ្នាំមកហើយនោះ បានសន្យាថានឹងបង្កើនចំនួនអាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជាផងដែរ។ លោកក៏បានបង្ហើបដែរថា គាត់បានពិភាក្សាជាមួយក្រសួងអប់រំ យុុវជន និងកីឡា ដើម្បីរៀបចំកម្មវិធីសិក្សា និងការអប់រំសម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមប្រព័ន្ធអប់រំជាតិ។
ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព ដើម្បីពង្រឹង ព្រមទាំងពង្រីកចំណងមិត្តភាពទ្វេភាគីរវាងតួកគីយ៉េ និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕




