ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល

04-06-2026 14:17

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» ជូនដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្រ្តីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្រ្តីក្រមការជំនាន់ទី១២ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ និងកម្មសិក្សាការីមន្រ្តីមធ្យម ឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ដែលកំពុងមានវត្តមានផ្ទាល់ក្នុងអង្គកម្មវិធី និងតាមប្រព័ន្ធអនឡាញ សរុបចំនួនប្រមាណ ៨០០អង្គ/នាក់។

ជាកិច្ចចាប់ផ្តេីមនាឱកាសនោះលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ក្នុងនាមគណៈគ្រប់គ្រង និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល បានបង្ហាញក្តីសោមនស្សយ៉ាងក្រៃលែងចំពោះវត្តមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣សិស្សមន្ត្រីក្រមការជំនាន់ទី១២ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សការីមន្ត្រីមធ្យម ឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាលនាពេលនេះ។

លោក យក់ ប៊ុនណា បានបន្ថែមថា តាមរយៈវេទិកាបាឋកថានេះ គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រី ទាំងអស់នឹងទទួលបាននូវការចែករំលែកចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទានឧត្តមានុវត្តលើការដឹកនាំនិងគ្រប់គ្រងលើ វិស័យសាធារណៈ ការលើកកម្ពស់ឧត្តមភាពមន្ត្រី គុណធម៌ ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារ ការងារ កែទម្រង់និងការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន។

លោកនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានស្នើដល់សិស្សមន្ត្រី និងកម្មសិក្សា ការីទាំងអស់ សូមត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងរៀនសូត្រអំពីការចែករំលែកចំណេះដឹង និងបទពិសោធរបស់លោកឧបនាយករដ្ឋមន្ត្រី ដើម្បីបង្កើននូវពុទ្ធិផ្ទាល់ខ្លួន និងប្រើប្រាស់ជាមេរៀន និងប្រយោជន៍សម្រាប់ការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមអង្គភាពរបស់ខ្លួន នាពេលអនាគតផងដែរ។

នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជឿជាក់ថា បន្ថែមពីមេរៀន និងទ្រឹស្តីដែលប្អូនៗទទួលបានពីគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ នៃសាលាភូមិន្ទរដ្ឋបាល ការចែករំលែកនេះ នឹងជាបទពិសោធ និងការជំរុញទឹកចិត្ត ក្នុងការចេញទៅបំពេញភារកិច្ចថ្មី ក៏ដូចជាការវិលត្រឡប់ទៅបម្រើការងារនៅតាមក្រសួង-ស្ថាប័នរៀងៗខ្លួន។

លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការផ្លាស់ប្តូរ ចាប់ផ្តើមពីតួអង្គម្នាក់ៗ ដែលមានឆន្ទៈ មនសិការ និងស្មារតីបម្រើប្រជាពល រដ្ឋដោយស្មោះត្រង់។ដូច្នេះសូមប្អូនៗទាំងអស់គ្នា ប្រកាន់ខ្ជាប់នូវវិន័យ វិជ្ជាជីវៈ ឥរិយាបថជាមន្ត្រីរាជការ ព្រមទាំងគុណធម៌ សីលធម៌ និងឧត្តមគតិជាតិ ដោយតម្កល់ផលប្រយោ ជន៍ជាតិ និងប្រជាជនជាធំ ស្របតាមប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានរំលឹកថា «ចង់ក្លាយជាមន្ត្រី ត្រូវត្រៀមខ្លួនជាអ្នកបម្រើប្រជាជន»។

ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សង្ឃឹមយ៉ាងម៉ុតមាំថា យើងទាំងអស់គ្នានឹងរួមគ្នាកសាងប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលកាន់តែរឹងមាំ ឯកភាព មានភាពធន់ ព្រមទាំងលើកកម្ពស់អភិបាលកិច្ចល្អ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕