មន្ទីរពេទ្យព្រះអង្គឌួង ដាក់ដំណើរការម៉ាស៊ីនឡាស៊ែជំនាន់ថ្មី និងដំបូងគេនៅកម្ពុជា មានសមត្ថភាពខ្ពស់ក្នុងការបំបែកក្រួសរឹងក្នុងប្រព័ន្ធទឹកនោមឱ្យម៉ត់ដូចម្សៅ
04-06-2026 14:21
(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីន Laser Magneto CyberHo 150W ដែលជាបច្ចេកវិទ្យាឡាស៊ែ Holmium ជំនាន់ថ្មីបំផុត ដែលបានដាក់ឱ្យប្រើប្រាស់ដំបូងគេនៅកម្ពុជា សម្រាប់ការព្យាបាល ក្នុងផ្នែកសល្យសាស្ត្រប្រព័ន្ធទឹកម៉ូត្រ (Urology)។
Magneto ជាម៉ូដែល ដែលរួមបញ្ចូលគ្នានូវចំណុចខ្លាំង របស់បច្ចេកវិទ្យា ២ គឺ Holmium Laser ជាមួយនឹង Thulium Fiber Laser (TFL) ដែលធ្វើឱ្យម៉ាស៊ីននេះមានសមត្ថភាពខ្ពស់ ទាំងការបំបែកក្រួសរឹងខ្លាំងបែប (Fragmentation) ឬបំបែកក្រួសឱ្យទៅជាម៉ត់ដូចម្សៅ (Dusting Function) ហើយការព្យាបាលជំងឺក្រពេញប្រូស្តាត (BPH) ក៏បានកាន់តែលឿន ហើយមានប្រសិទ្ធិភាពខ្ពស់។
នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យរង លូ លីឃាង បានថ្លែងថា «កន្លងមកមន្ទីរពេទ្យយើងក៏មានម៉ាស៊ីនឡាស៊ែទំនើបសម្រាប់ព្យាបាលជូនប្រជាជនយើងដែរ តែដើម្បីឱ្យទាន់សម័យកាល និងភាពទំនើបនៃបច្ចេកវិទ្យា ស្របគ្រូពេទ្យជំនាញយើងកាន់តែវិវឌ្ឍន៍ជាបន្ដបន្ទាប់ មន្ទីរពេទ្យយើងសម្រេចទិញម៉ាស៊ីឡាស៊ែ ដែលមានសមត្ថភាពកាន់តែខ្លាំងក្នុងជួយដល់ការព្យាបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរ មុខរបួសកាន់តែតូច សុវត្ថិភាពកាន់តែខ្ពស់ និងឆាប់ជាសះស្បើយក្នុងរយៈពេលដ៏ខ្លី។គិតត្រឹមពេលនេះ គឺមន្ទីរពេទ្យព្រះអង្គឌួងគឺបានដាក់ប្រើប្រាស់ដំបូងគេនៅកម្ពុជា ហើយនៅបណ្ដាប្រទេសអាស៊ាន ទើបតែមានប្រទេសមួយចំនួនប៉ុណ្ណោះដែលបានដាក់ប្រើប្រាស់នោះ។»
តាមការបញ្ជាក់បន្ថែមរបស់លោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការងមន្ទីរពេទ្យព្រះអង្គឌួងបានឱ្យដឹងថា «ដើម្បីឆ្លើយតបទៅនឹងតម្រូវការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និងស័ក្កសិទ្ធភាព មន្ទីរពេទ្យបានធ្វើនវានុវត្ដន៍ជាបន្ដបន្ទាប់ តាំងពីការគ្រប់គ្រង់បែបប្រពៃណី ទៅជាបែបឌីជីថល ហើយដើរឱ្យទាន់សម័យកាល ដូច្នេះមួយរយៈពេលចុងក្រោយនេះ មន្ទីរពេទ្យព្រះអង្គឌួង បាននាំចូលនូវម៉ាស៊ីនទំនើបៗជាច្រើនគ្រឿង ព្យាបាលទៅតាមឯកទេសផ្សេងៗគ្នា ដូចជាម៉ាស៊ីន MRI 1.5T, ម៉ាស៊ីន CT-Scan 160slice, ម៉ាស៊ីន Medtronic IPC ENT Surgical Console and Endoscopy 4K Monitor, Olympus OTV-S200 (ម៉ាស៊ីនវះកាត់បាតលលាដ៍ខួរក្បាល), ម៉ាស៊ីនឡាស៊ែ ចាប់និងបំបែកគ្រាប់គ្រោះនៅប្រព័ន្ធទឹកប្រម៉ាត់ និងលំពែង រួមទាំងម៉ាស៊ីន និងបរិក្ខារពេទ្យទំនើបមួយចំនួនទៀត ក្រៅពីម៉ាស៊ីនឡាស៊ែជំនាន់ថ្មីនិងដំបូងគេនៅកម្ពុជា ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នៅមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
ខាងក្រោមនេះជាចំណុចពិសេសរបស់ Cyber Ho Magneto 150W ដែលដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ៖
* ថាមពល Laser ខ្ពស់ 150W ជួយបំបែកក្រួសបានលឿន និងមានប្រសិទ្ធភាពខ្ពស់
* Dusting Performance កាន់តែល្អ បំបែកក្រួសឱ្យទៅជាម៉ត់បានងាយ
* មានមុខនាទីសំរាប់ ទប់ក្រួសកុំឱ្យរត់ក្នុងពេលព្យាបាល
* ប្រសិទ្ធភាពខ្ពស់ក្នុងការកាត់ និងឃាត់ឈាម សម្រាប់ HoLEP ព្យាបាលជំងឺក្រពេញប្រូស្តាត(BPH)
* Pulse Stability និង Energy Control កាន់តែមានស្ថេរភាព
ការប្រើប្រាស់ Cyber Ho Magneto 150W ៖
* ព្យាបាលជំងឺក្រពេញប្រូស្តាត(BPH): HoLEP Laser Surgery និង Coagulation
* បំបែកក្រួសក្នុងប្រព័ន្ធទឹកនោម (Lithotripsy): Dusting និង Fragmentation
* Soft Tissue: Precise Cutting, Ablation, Resection និង Coagulation
អត្ថប្រយោជន៍សំខាន់ៗ៖
* អាចបំបែកក្រួសគ្រប់ទំហំ ទាំងក្រួសប្រភេទកំហាប់រឹងខ្លាំង
* ប្រើបានច្រើនមុខងារក្នុងម៉ាស៊ីនតែមួយ (All-in-One Platform)
* ជួយកាត់បន្ថយការហូរឈាម និងពេលវះកាត់
* បង្កើនប្រសិទ្ធភាព និងភាពជោគជ័យក្នុងការព្យាបាល៕

























