ក្រសួងកសិកម្ម បន្តពង្រឹងការគ្រប់គ្រងធាតុចូលកសិកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការដាំដុះ និងអត្ថប្រយោជន៍កសិករ
04-06-2026 14:47
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំវាយតម្លៃការងារគ្រប់គ្រងធាតុចូលកសិកម្ម នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ទទួលបន្ទុកធាតុចូលកសិកម្ម បានកោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការគ្រប់គ្រងជី និងថ្នាំកសិកម្ម។
លោកបានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ធាតុចូលកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃអនុវិស័យដំណាំ ការនាំចេញ និងការលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ។
លោក គង់ ច័ន្ទវាសនា បានកត់សម្គាល់សមិទ្ធផលការងារគ្រប់គ្រងធាតុចូលកសិកម្ម ក្នុងឆ្នាំ២០២៥កន្លងទៅ ដូចជា៖
*បានចុះត្រួតពិនិត្យដេប៉ូលក់ជី និងថ្នាំកសិកម្មចំនួន ១ ២៦២ទីតាំង នៅទូទាំងប្រទេស
*បានយកសំណាករាប់រយប្រភេទមកពិសោធន៍ និងអនុវត្តច្បាប់ម៉ឺងម៉ាត់ចំពោះផលិតផលខ្វះគុណភាពមួយចំនួនតូច
*បានទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផលិតផលខុសច្បាប់ជាច្រើនករណីតាមតំបន់ព្រំដែន
*បានបណ្តុះបណ្តាលអាជីវករថ្មីជិត ៦០០នាក់ សំណេះសំណាលជាមួយម្ចាស់ដេប៉ូជាង ២ ២០០នាក់ និងបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ ៥៩នាក់ អំពីបច្ចេកទេសកាត់បន្ថយថ្លៃដើម
*បានរៀបចំលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដើម្បីពង្រឹងការគ្រប់គ្រងឱ្យកាន់តែល្អប្រសើរ
*បានតាមដាន និងចាត់វិធានការច្បាប់លើគណនីបណ្តាញសង្គមជាង ១០០ផេក ដែលលក់ផលិតផលគ្មានបញ្ជីកា
*បានផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់ក្រុមហ៊ុនផលិតជីធម្មជាតិក្នុងស្រុក។
ដើម្បីបន្តកាត់បន្ថយថ្លៃដើមផលិត បង្កើនការធានាគុណភាព និងការពារផលប្រយោជន៍កសិករ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍តម្រង់ទិសចំនួន៦ចំណុចសំខាន់ៗ រួមមាន៖
១៖ គាំទ្រក្រុមហ៊ុនក្នុងស្រុក៖ ផ្តល់ការគាំទ្រទាំងផ្លូវច្បាប់ និងបច្ចេកទេសដល់ការផលិតជីធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងតម្លៃសមរម្យ បង្កើតការងារ កាត់បន្ថយការនាំចូល និងជួយផ្នែកអនាម័យ-បរិស្ថាន
២៖ រឹតបន្តឹងការត្រួតពិនិត្យគុណភាព៖ បន្តយកសំណាកទៅពិសោធន៍ និងពិន័យធ្ងន់ធ្ងរ ឬដកហូតបញ្ជីកាចំពោះផលិតផលដែលស្ទើរគុណភាព
៣៖ ពង្រឹងអធិការកិច្ចតាមដេប៉ូ៖ ត្រួតពិនិត្យឱ្យបានតឹងរ៉ឹង ដើម្បីធានាថាដេប៉ូទូទាំងប្រទេសដាក់លក់តែផលិតផលស្របច្បាប់ និងមានសុវត្ថិភាព
៤៖ គ្រប់គ្រងការផ្សព្វផ្សាយតាមអនឡាញ៖ ស្រាវជ្រាវ និងចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះផេកដែលលក់ផលិតផលខុសច្បាប់ ឬផ្សាយបំផ្លើសការពិត
៥៖ ទប់ស្កាត់បទល្មើសតាមព្រំដែន៖ សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្ក្រាបការដឹកជញ្ជូនផលិតផលខុសច្បាប់
៦៖ អប់រំផ្សព្វផ្សាយដល់កសិករ៖ បន្តណែនាំប្រជាកសិករឱ្យប្រើប្រាស់តែផលិតផលដែលស្របច្បាប់៕


















