បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់មនុស្ស ១៩នាក់

04-06-2026 15:40

(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត សហការជាមួយកងរាជអាវុធខេត្តស្វាយរៀង បានចុះស្រាវជ្រាវ និងបង្រ្កាបពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន១ទីតាំង គឺផ្ទះលំហែរ ស្ថិតនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យ១៩នាក់ និងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយលោក ជូ ខេមរិទ្ធ អភិបាលរងក្រុងបាវិត សហការជាមួយកងរាជអាវុធខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

កងរាជអាវុធហត្ថបានបញ្ជាក់ថា ប្រតិបត្តិការនេះក៏មានមានការចូលរួមពី អាជ្ញាធរភូមិ ជាលទ្ធផល ក្រុមការងារបានរកឃើញករណីពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានមនុស្សចំនួន១៩នាក់ (ស្រី៤នាក់)។

សម្រាប់វត្ថុតាងដែលត្រូវដកហូតរួមមាន៖ ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ២២គ្រឿង ទូរស័ព្ទដៃក្រុមហ៊ុនចំនួន ២១០០ គ្រឿង លិខិឆ្លងដែន ៦ក្បាល សៀវភៅការងារចំនួន ៥៦សន្លឹក អត្តសញ្ញាណបណ្ណជនជាតិវៀតណាម ៩សន្លឹក ដុំវ៉ាយហ្វាយ ២ គ្រឿង ទូរដែក ១គ្រឿង កុំព្យូទ័រយូរដៃ ១៩គ្រឿង កុំព្យូទ័រលើតុ ៥គ្រឿង ម៉ាស៊ីនភ្លើង ២គ្រឿង ក្រាមពណ៌សថ្លា ៤កញ្ចប់ និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ចំពោះមនុស្ស និងសម្ភារត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីធ្វើនីតិវិធីបន្ត៕