អគ្គនាយកនិយ័តករមូលបត្រ៖ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព នឹងជួយកសាងទំនុកចិត្តរបស់វិនិយោគិន និងទាក់ទាញការវិនិយោគប្រកបដោយចីរភាព

04-06-2026 15:44

(ភ្នំពេញ)៖ លោក​ ស៊ូ សុជាតិ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានគូសបញ្ជាក់​សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព​ ដែល​កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងជួយកសាងទំនុកចិត្តរបស់វិនិយោគិន ទាក់ទាញការវិនិយោគប្រកបដោយចីរភាព និងគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃទីផ្សារហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

លោក​ ស៊ូ សុជាតិ គូសបញ្ជាក់បែបនេះ ធ្វើឡើង សិក្ខា​សាលាកសាងសមត្ថភាពស្តីពី «ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព៖ ការរាយការណ៍, ការត្រៀមខ្លួនផ្នែកទិន្នន័យ និងនវានុវត្តន៍ឌីជីថល» ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ ​ចាប់ពីថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានកិច្ចសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UNESCAP)។

សិក្ខាសាលានេះរៀបចំឡើង​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និងលោក Hamza Ali Malik នាយកផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នៃ UNESCAP។ សិក្ខាសាលាកសាងសមត្ថភាពរយៈពេល ២ ថ្ងៃ នេះ មានគោលបំណងពង្រឹងការយល់ដឹងអំពីប្រតិបត្តិការរបស់អ្នកអនុវត្តក្របខ័ណ្ឌការរាយការណ៍ និងការបង្ហាញព័ត៌មានចីរភាព, ពង្រឹងសមត្ថភាពស្ថាប័នចំពោះការត្រៀមខ្លួនផ្នែកទិន្នន័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG), កសាងសមត្ថភាពស្ថាប័ន និងបច្ចេកទេសតាមរយៈដំណោះស្រាយឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងពង្រឹងកិច្ចសម្របសម្រួលពហុភាគីពាក់ព័ន្ធដោយផ្តោតលើចីរភាព។

ថ្លែងនៅក្នុងសិក្ខាសាលាកសាងសមត្ថភាពនេះ លោក ស៊ូ សុជាតិ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ដោយបានមានប្រសាសន៍ថា«ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាពតម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធិរវាងនិយ័តករ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកចូលរួមក្នុងទីផ្សារ។ តាមរយៈការកសាងសមត្ថភាព ការបង្កើនប្រសិទ្ធភាពនៃការរាយការណ៍អំពីចីរភាព និងការអនុវត្តការបង្ហាញព័ត៌មាន ESG ការត្រៀមខ្លួនផ្នែកទិន្នន័យឱ្យកាន់តែរឹងមាំ និងនវានុវត្តន៍ឌីជីថល យើងអាចធ្វើឱ្យប្រសើរឡើងនូវតម្លាភាព ពង្រឹងប្រសិទ្ធភាពបទប្បញ្ញត្តិ និងបង្កើតទិន្នន័យចីភាពដែលមានគុណភាពខ្ពស់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងជួយកសាងទំនុកចិត្តរបស់វិនិយោគិន ទាក់ទាញការវិនិយោគប្រកបដោយចីរភាព និងគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃទីផ្សារហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា​»។

សិក្ខាសាលាកសាងសមត្ថភាពនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ម.ក., អ្នកតំណាងមកពីក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, សមាគមឧស្សាហកម្ម, គ្រឹះស្ថានហិរញ្ញវត្ថុ, ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ និងភាគីពាក់ព័ន្ធផ្សេងៗ សរុបប្រមាណ ១០០ រូប។

ជាមួយគ្នានេះ វាគ្មិននៅក្នុងកម្មវិធី គឺជាអ្នកជំនាញ និងមានបទពិសោធផ្នែក ESG ជាច្រើនឆ្នាំមកពី UNESCAP, វិទ្យាស្ថានអភិវឌ្ឍន៍កំណើនបៃតងសកលប្រចាំប្រទេសកម្ពុជា (GGGI), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), អាជ្ញាធរទីផ្សារ និងមូលបត្រអឺរ៉ុប (ESMA), ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO), ការិយាល័យប្រឹក្សាយោបល់ផ្នែកច្បាប់ និងអន្តរកាលប្រកបដោយចីរភាព (STLA), ការិយាល័យក្រុមប្រឹក្សាស្តង់ដារចីរភាពអន្តរជាតិ (ISSB) ប្រចាំទីក្រុងប៉េកាំង, វិទ្យាស្ថានហិរញ្ញវត្ថុ និងចីរភាព, កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសចិន, ក្រុមហ៊ុន Greenverse (Shanghai) Eco-Technology Co., Ltd., សហការីនៃក្រុមប្រឹក្សាគោលនយោបាយសេដ្ឋកិច្ច (CEP), ការិយាល័យប្រឹក្សាយោបល់ auctusESG, គំនិតផ្តួចផ្តើមហិរញ្ញវត្ថុ នៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP-FI), ក្រុមហ៊ុន GoldenBee Management Consulting, ក្រុមហ៊ុន ROBECO, សាកលវិទ្យាល័យ Tsinghua និងវិទ្យាស្ថានកិច្ចការសាធារណៈ និងបរិស្ថាន (IPE) ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន ៤ ដែលបានចូលរួមក្នុងគម្រោងសាកល្បង និងស្ម័គ្រចិត្ត ក្នុងការបង្ហាញព័ត៌មាន ESG រួមមាន៖ កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ក៏បានចែករំលែកបទពិសោធជាក់ស្តែងនៅក្នុងកម្មវិធីនេះ ផងដែរ៕