អង្គការមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា រៀបចំកិច្ចពិភាក្សាថ្នាក់ជាតិរវាងអ្នកសារព័ត៌មានស្ត្រី និងនគរបាលជាតិស្តីពី ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា
04-06-2026 15:53
(ភ្នំពេញ)៖ អង្គការមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចពិភាក្សាថ្នាក់ជាតិ រវាងអ្នកសារព័ត៌មានស្ត្រី និងនគរបាលជាតិស្តីពី «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា» ដើម្បីចែករំលែកបទពិសោធន៍ បង្កើតលំហសន្ទនាប្រកបដោយសុវត្ថិភាព ស្ថាបនា និងការគោរព។
កិច្ចពិភាក្សានេះ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ព្រមទាំងតំណាងក្រសួងព័ត៌មាន តំណាងអង្គការយូនីស្កូ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងអ្នកសារព័ត៌មានស្ត្រីតាមបណ្តារាជធានី-ខេត្តផងដែរ។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា កងកម្លាំងនគរបាលជាតិ និងអ្នកសារព័ត៌មាន ដែលមានគោលដៅរួម និង ការទទួលខុសត្រូវរួម គឺ បម្រើ និងការពារផលប្រយោជន៍សាធារណៈ និងលើកតម្កើងតម្លៃគោលការណ៍ប្រជា ធិបតេយ្យ និងសិទ្ធិមនុស្ស បានធ្វើការជួបពិភាក្សាផ្លាស់ប្តូរយោបល់ ស្តាប់គ្នាទៅវិញទៅមក ចែករំលែក ការយល់ដឹង និងបទពិសោធន៍ការងាររបស់ខ្លួនកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចជាឱកាសមួយដើម្បី ស្វែងរកនូវរាល់បញ្ហាប្រឈមផ្សេងៗ និងកំណត់បាននូវមធ្យោបាយដោះស្រាយរួមគ្នាមួយ ដើម្បីលើកកម្ពស់ បង្កើនកិច្ចសហប្រតិបត្តិការឱ្យតែល្អប្រសើរបន្ថែមទៀត។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្ដថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅ រកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ ចំពោះស្ថានភាព សេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋាន ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ច្បាប់ស្តីពីរបបសារព័ត៌មាន ពាក់ព័ន្ធនឹងសិទ្ធសេរីភាពខាងសារព័ត៌មាន បានកំណត់ពី ការត្រួតពិនិត្យ មុនពេលបោះពុម្ពផ្សាយ ត្រូវបានហាមឃាត់ គឺដើម្បីរក្សានូវឯករាជ្យនៃសារព័ត៌មាន។ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលស្គាល់នូវការគោរពសិទ្ធិមនុស្ស ដូចមានចែងនៅក្នុង ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញានិងអនុញ្ញាទាំងអស់។
លោកបានបន្ដទៀតថា នៅក្នុងបរិបទនៃសង្គមលទ្ធិប្រជាធិបតេយ្យ តួនាទីរបស់អ្នកសារព័ត៌មាន គឺពិតជាមិនអាចត្រូវបាន មើលរំលងជាដាច់ខាត។ បងប្អូនអ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកសារព័ត៌មានជាស្ត្រី គឺជាសសរស្ដម្ភសំខាន់នៃសង្គមប្រជាធិបតេយ្យ ដែលតែងតែឈរនៅជួរខាងមុខ បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្នុងការបំភ្លឺការពិត និងផ្តល់ព័ត៌មានមិនលំអៀងជូនដល់ប្រជាពលរដ្ឋ ដោយដើរទន្ទឹមជាមួយនឹងការគោរព នីតិរដ្ឋ និងសិទ្ធិសេរីភាពរបស់អ្នកដទៃ។ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពី បញ្ហាសង្គម។
ជាមួយគ្នានេះដែរ លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានឱ្យដឹងថា នគរបាល និងអ្នកសារព័ត៌មានស្ត្រី មានភារកិច្ចខុសគ្នា ប៉ុន្តែទាំងពីរ បានបម្រើផលប្រយោជន៍សាធារណៈដូចគ្នា។ នគរបាលមានតួនាទីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពារជីវិត និងទ្រព្យសម្បត្តិ
ប្រជាពលរដ្ឋ និងអនុវត្តច្បាប់ដោយយុត្តិធម៌។ អ្នកសារព័ត៌មានមានតួនាទីស្វែងរក ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានតុល្យភាព និងមានការទទួលខុសត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋមានព័ត៌មាន សម្រាប់ចូលរួមក្នុងជីវភាពសង្គម និងការអភិវឌ្ឍប្រទេស។
លោកស្រី បានបន្ដថា ក្នុងការងារព័ត៌មាន និងការអនុវត្តច្បាប់ ជាពិសេសនៅពេលមានព្រឹត្តិការណ៍សាធារណៈ ដូចជា កូដកម្ម បាតុកម្ម ឬការជួបជុំសហគមន៍ យើងឃើញថាមានសម្ពាធ និងហានិភ័យជាច្រើន។ មន្ត្រីនគរបាលត្រូវធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងស្ថានភាព ដែលអាចមានភាពតានតឹង ខណៈអ្នកសារព័ត៌មានត្រូវបំពេញបេសកកម្មរាយការណ៍ពីហេតុការណ៍ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ នៅកន្លែងបែបនេះ ប្រសិនបើខ្វះការទាក់ទងគ្នា ឬខ្វះការយល់ដឹងអំពីតួនាទីរៀងៗខ្លួន ការយល់ច្រឡំអាចកើតឡើងបានយ៉ាងងាយ។
បន្ថែមពីនេះ លោកស្រី បានបញ្ជាក់ថា សម្រាប់អ្នកសារព័ត៌មានស្ត្រីបញ្ហាប្រឈមមានទម្ងន់បន្ថែមទៀត។ ក្រៅពីសម្ពាធជាទូទៅនៃវិជ្ជាជីវៈព័ត៌មាន ពួកគាត់នៅតែប្រឈមមុខនឹងភាពមិនស្មើគ្នា រវាងយេនឌ័រ ការលំបាកក្នុងការចូលទៅកាន់ប្រភពព័ត៌មានផ្លូវការ ការបារម្ភអំពីសុវត្ថិភាពនៅពេលចុះមូលដ្ឋាន ការយាយីតាមអនឡាញ និងអំពើបំពានដែលផ្អែកលើយេនឌ័រ។ នៅពេលអ្នកសារព័ត៌មានស្ត្រី ត្រូវបានគំរាមកំហែង ឬធ្វើឱ្យស្ងៀមស្ងាត់ សង្គមទាំងមូលក៏បាត់បង់សំឡេង បាត់បង់ទស្សនៈ និងបាត់បង់ព័ត៌មានដែលមានសារៈសំខាន់សម្រាប់ស្ត្រី កុមារ គ្រួសារ និងសហគមន៍៕




