មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ក្រសួងប្ដេជ្ញាថាប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ អាចទទួលបានសេវាថែទាំសុខភាព ប្រកបដោយគុណភាព
04-06-2026 16:19
(សៀមរាប)៖ លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានលើកឡើងថា ក្រសួងសុខាភិបាល ប្ដេជ្ញាធានាថាប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ អាចទទួលបានសេវាថែទាំសុខភាព ប្រកបដោយគុណភាព និងសមធម៌ តាមរយៈការអនុវត្តគោលនយោបាយមូលនិធិសមធម៌សុខាភិបាល ដើម្បីគាំពារផ្នែកហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព ដោយ «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែកពីសេវាសុខាភិបាលឡើយ»។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី នៅក្នុងសិក្ខាសាលាស្តីពីការបិទបញ្ចប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងលោកស្រី Chiho Suzuki តំណាងធនាគារពិភពលោក ប្រចាំកម្ពុជា ព្រមទាំង តំណាងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង៩ចូលរួមផងដែរ។
លោកស្រីវេជ្ជបណ្ឌិត សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ គឺដើម្បីបូកសរុបលទ្ធផលដែលគម្រោងសម្រេចបាន ធៀបនឹងគោលដៅគម្រោង, ចែករំលែកបទពិសោធន៍ និងមេរៀនដែលទទួលបាន និងអនុសាសន៍នានា ដើម្បីយកទៅ រៀបចំ និងអនុវត្តសម្រាប់គម្រោងក្រោយៗទៀត។ ព្រមទាំងយន្តការផ្ទេរភារកិច្ចជូនដល់អាជ្ញាធរមូលដ្ឋាន ឬដៃគូពាក់ព័ន្ធ ដើម្បីធានាថាប្រតិបត្តិការមួយចំនួន នឹងនៅតែបន្ត និងមាននិរន្តរភាពក្រោយពេលគម្រោងបានបិទបញ្ចប់។
លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា ដោយគិតចាប់ពីចុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦ ការអនុវត្តគម្រោងអាហារូបត្ថម្ភកម្ពុជា សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់មាតា និងទារក។ ផ្អែកលើការវាយតម្លៃគុណភាពសេវា ពិន្ទុជាមធ្យមបានកើនឡើងពី ៥២% (ឆ្នាំ ២០២២) រហូតដល់ ៨៤.៤% (ខែកុម្ភៈ ឆ្នាំ២០២៦) ភាពខុសគ្នានៃពិន្ទុរវាងការវាយតម្លៃកម្រិត ថ្នាក់ OD និងការផ្ទៀងផ្ទាត់គុណភាពសម្រាប់មណ្ឌលសុខភាព បានថយចុះជាលំដាប់ពី ៥៧% មកនៅត្រឹម៥% ប៉ុណ្ណោះក្នុងជុំទី១១ នេះបង្ហាញពីការកែលម្អដំណើរការវាយតម្លៃគុណភាព។
លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អង្គភាពអនុវត្តគម្រោងទាំងអស់ ព្រមទាំងក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ ដែលបានគាំទ្រយ៉ាងសកម្មទាំងស្មារតី និងថវិកា ក្នុងការជំរុញការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ទទួលបានជោគជ័យនាពេលកន្លងមក។
លោក នី គឹមសាន បានលើកឡើងថា លេខាធិការដ្ឋាន គ.ជ.អ.ប. សម្រេចបានសមិទ្ធផលជាច្រើន តាមរយៈការអនុវត្តគម្រោងនេះ រួមមាន ការធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់សេវាសុខាភិបាលទាំងនៅមូលដ្ឋានសុខាភិបាល និងសេវាសុខភាពនៅក្នុងសហគមន៍ និងបង្កើនគុណភាពសេវាសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភជាអាទិភាព។
លោកបានបន្តថា រដ្ឋបាលឃុំ សង្កាត់បានបំពេញការងារ តួនាទី និងការទទួលខុសត្រូវ បានល្អប្រសើរក្នុងការលើកកម្ពស់សេវាសង្គម ដូចជា ការអប់រំ ការផ្សព្វផ្សាយ និងការលើកកម្ពស់សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភក្នុងសហគមន៍ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងរដ្ឋបាលឃុំ សង្កាត់និងមណ្ឌលសុខភាព កាន់តែចុះសម្រុង និងបានប្រសើរឡើងជាលំដាប់។
លោកបន្តថា ការអនុវត្តគម្រោងនេះ ក៏បានជួបប្រទះបញ្ហាមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធផល និងសមិទ្ធផលរបស់គម្រោងផងដែរ ដូចជា ក្នុងអំឡុងពេលចាប់ផ្តើមគម្រោង មានការរំខានដោយការរាតត្បាតជំងឺកូវីដ-១៩ ស្ទើតែអស់រយៈពេល២ឆ្នាំ និងកត្តាដទៃទៀត ដូចជា វិបត្តិសេដ្ឋកិច្ច ជម្លោះព្រំដែនកម្ពុជា-ថៃ ជាដើម។
ជាមួយនេះ លោក នី គឹមសាន បញ្ជាក់ថា ចក្ខុវិស័យ និងគោលបំណងសំខាន់របស់ផែនការអនុវត្តរយៈពេល៥ឆ្នាំនេះ គឺធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម ព្រមទាំងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕

























