លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម

04-06-2026 16:21

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៅស្នាក់ការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម។

ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក ខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចនាពេលកន្លងមក។

ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត លោក អ៊ុន ចាន់ដា បានដាក់ចេញនូវគោលការណ៍សំខាន់ៗដូចខាងក្រោម៖

*ទី១៖ ពង្រឹងការគ្រប់គ្រងទិន្នន័យ៖ ត្រូវបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកអតីតយុទ្ធជន និងនិវត្តជនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបំផុត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងផ្តល់ការគាំទ្រ។
*ទី២៖ ត្រូវចុះពិនិត្យ និងតាមដានសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនដល់មូលដ្ឋាន ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត ឬជួបការលំបាកខ្លាំង ដើម្បីផ្តល់ជំនួយឧបត្ថម្ភ និងសាងសង់ផ្ទះមនុស្សធម៌ជូនបានទាន់ពេលវេលា។
*ទី៣៖ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានស្អិតរមួត និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខុមាលភាព និងលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ៕