លោក សួន សេរីរដ្ឋា៖ ការសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន មិនឱ្យផ្នែកពន្ធដានិងពន្ធគយកម្ពុជា ឲ្យទៅឯកជនគ្រប់គ្រងកន្លងទៅ គឺជាចក្ខុវិស័យដឹកនាំដ៏ត្រឹមត្រូវ

04-06-2026 16:36

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន កន្លងទៅដោយដាច់ខាតមិនព្រមធ្វើ ឯកជនភាវូបនីយកម្ម ផ្នែកពន្ធដានិងពន្ធគយរបស់ប្រទេសឲ្យទៅ ឯកជនគ្រប់គ្រង គឺជាចក្ខុវិស័យដឹកនាំដ៏ត្រឹមត្រូវ គ្មានរពិចរពិលខ្វះចន្លោះ ដែលធ្វើឲ្យកម្ពុជា មានថ្ងៃនេះ។

លោកបានលើកថា «ការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតនិងជាការវះកាត់ធ្វើកំណែទម្រង់ហ្មត់ចត់ដែលមានតែមួយគត់លើពិភពលោករបស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា នោះគឺដាច់ខាតមិនព្រមធ្វើ ឯកជនភាវូបនីយកម្ម ផ្នែកពន្ធដានិងពន្ធគយរបស់ប្រទេសឲ្យទៅ ឯកជនគ្រប់គ្រង… តែពង្រឹងអភិបាលនិងបញ្ជាការគ្រប់គ្រងផ្ទាល់ដោយនាយករដ្ឋមន្ត្រី ដែលមានរដ្ឋមន្ត្រីករសួងហិរញ្ញវត្ថុជាអគ្គសេនាធិការ មានអគ្គពន្ធដានិងអគ្គរដ្ឋករគយជា ប្រតិបត្តិករ!»

លោកថា «នេះគឺជាគំរូដឹកនាំតែមួយគត់ ដែលមិនយកចំណូលដុលរបស់ជាតិ ទៅពុះច្រៀក ចែកឲ្យក្រុមហ៊ុនឯកជន ឬក្រុមហ៊ុនបរទេស.. តែប្រើវិធានការគ្រប់គ្រង ចាត់ចែង និងប្រមូលដោយខ្លួនឯង ដើម្បីខ្លួនឯង..។ ការសម្រេចបែបនេះដំបូងឡើយ បានធ្វើឲ្យក្រុមប្រទេសអ្នកផ្តល់ជំនួយនិងដៃគូរអភិវឌ្ឍនានានៅកម្ពុជា មិនសប្បាយចិត្តនិងវាយតម្លៃខុសមកលើអភិបាលកិច្ចរបស់កម្ពុជា កាលដែល សម្តេចតេជោ នៅជានាយករដ្ឋមន្ត្រី ដែលកាលណោះស្ថានភាពសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់កម្ពុជា នៅពឹងពាក់លើក្រុមប្រទេសអ្នកផ្តល់ជំនួយនិងទីប្រឹក្សាក្រុមប្រទេសអ្នកផ្តល់ជំនួយនៅឡើយ..»

លោកបានបន្តថា តែខ្មែរមានពាក្យដូនតាមួយឃ្លាដែលខ្ញុំធ្លាប់រៀន បានមួយពោលថា «រៀនស៊ី រៀនសន្សំ ប្តីអ្នកខំ ប្រពន្ធអ្នកទុក មិនយូរគង់ស្រណុក ពួកអ្នកស្រុកលែងមើលងាយ»! នេះហើយជាចក្ខុវិស័យដឹកនាំដ៏ត្រឹមត្រូវ គ្មានរពិចរពិលខ្វះចន្លោះ របស់ សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជា មានថ្ងៃនេះ..៕