គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានបិទទ្វារស្តុកទឹកជោគជ័យ, គម្រោងនេះបញ្ជាក់ឱ្យឃើញពីសមិទ្ធផលថាមពលស្អាត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំធេង សម្រាប់ខេត្តពោធិ៍សាត់ (Video inside)

04-06-2026 17:03

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យថាមពលនៅកម្ពុជា ដោយគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០មេហ្គាវ៉ាត់ បានឈានដល់ដំណាក់កាលបិទទ្វារទឹកជាផ្លូវការ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការចាប់ផ្តើមដំណើរការស្តុកទឹកចូលក្នុងអាង ដែលជាជំហានដ៏ចាំបាច់បំផុត មុននឹងឈានទៅដល់ការដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនីស្អាត និងមាននិរន្តរភាពសម្រាប់ផ្គត់ផ្គង់ជូនបណ្តាញជាតិ។

ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា, លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP (Cambodia) Co., Ltd. ព្រមទាំងប្រតិភូពាក់ព័ន្ធជាច្រើនរូបទៀត។

គួរជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន SPHP (Cambodia) Co., Ltd. កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ គម្រោងនេះបានចាប់ផ្តើមការសាងសង់ជាក់ស្តែង នៅខែកុម្ភៈ ឆ្នាំ២០២២ ហើយរហូតមកដល់បច្ចុប្បន្ន ការសាងសង់សម្រេចបានប្រមាណ ៨០ភាគរយ ដែលបង្ហាញពីវឌ្ឍនភាពការងារដ៏ឆាប់រហ័ស និងប្រកបដោយគុណភាពខ្ពស់តាមបទដ្ឋានវិស្វកម្ម។

គម្រោងនេះមិនត្រឹមតែជាសមិទ្ធផលវិស្វកម្មដ៏ធំធេងនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់សន្តិសុខថាមពល និងការប្រើប្រាស់ថាមពលស្អាត ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លើសពីការផលិតថាមពល គម្រោងនេះបានផ្តល់ផលប្រយោជន៍ពហុវិស័យ ជូនប្រជាពលរដ្ឋ រួមមាន៖

ទី១-បង្កើនប្រភពថាមពលស្អាត ដែលមានតម្លៃសមរម្យ សម្រាប់បម្រើដល់ការប្រើប្រាស់ ក្នុងវិស័យឧស្សាហកម្ម និងគ្រួសារ។
ទី២-កាត់បន្ថយហានិភ័យនៃជំនន់ទឹកភ្លៀង ក្នុងក្រុងពោធិ៍សាត់យ៉ាងមានប្រសិទ្ធភាព និងការបង្កើនសក្តានុពលស្រោចស្រពផ្ទៃដីកសិកម្ម ប្រមាណជាង២០ម៉ឺនហិកតា ក្នុងរដូវប្រាំង (បន្ទាប់ពីការបញ្ចប់គម្រោងទំនប់ស្ទាក់ទឹកទី២ ស្ទឹងអារ៉ៃ រួមបញ្ចូលគ្នា)។
ទី៣-បង្កើតជាគោលដៅទេសចរណ៍ បែបធម្មជាតិថ្មី, បង្កើតទីផ្សារការងារក្នុងតំបន់, សាងសង់ផ្លូវកៅស៊ូ ប្រវែង២០គីឡូម៉ែត្រជុំវិញតំបន់ផ្ទៃលិចទឹក និងគម្រោងបង្កើតរោងចក្រផលិតគីមឈី សម្រាប់ការនាំចេញ ដែលនឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។

ជុំវិញការបិទទ្វារទឹក នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ត្រៀមលក្ខណៈដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនី នាពេលឆាប់ៗខាងមុខ។ នេះគឺជាការបោះជំហាន ដ៏មានអត្ថន័យបំផុត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ និងបន្តបំពេញបន្ថែម ដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕