អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញ នៅក្នុងព្រៃអង្គរ
04-06-2026 17:06
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកអង្គរធំ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីដាំកូនឈើ ក្នុងបំណងដើម្បីស្តារគម្របព្រៃឈើឡើងវិញ ក្នុងតំបន់រមណីយដ្ឋានអង្គរ។
កម្មវិធីនេះ មានការចូលរួមពីលោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ លោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ក្រុមការងារ ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ស.ស.យ.ក និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០នាក់។
សូមជម្រាបថា កម្មវិធីដាំកូនឈើនេះ គឺជាយុទ្ធនាការដាំស្តារដើមឈើឡើងវិញ នៅក្នុងស្រុកអង្គរធំ ដែលគម្រោងគ្រោងដាំ នៅតាមទីតាំងផ្សេងៗគ្នាសរុប ៤ ០០០ដើម។ នៅព្រឹកថ្ងៃទី៤ ខែមិថុនា កម្មវិធីបានដាំកូនឈើចម្រុះសរុប ១ ០០០ដើម នៅក្នុងភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប៕

























