ព្រះមន្ត្រីសង្ឃខេត្តសៀមរាប និមន្តយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ ជូនដល់កងទ័ពជួរមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងឧត្តរមានជ័យ

04-06-2026 18:03

(សៀមរាប)៖ ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះសមុហ៍គណខេត្ត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បាននិមន្តនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ ដែលជាការចូលរួមពីព្រះវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត រួមជាមួយសប្បុរសជន ប្រគល់ជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ មានថេរដីកាថា សកម្មភាពមនុស្សធម៌របស់ព្រះសង្ឃក្នុងខេត្ត ក៏ដូចជាសប្បុរសជន ដែលនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មកជូននាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការបង្ហាញពីស្មារតីសាមគ្គីភាពខ្ពស់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងលះបង់កម្លាំងកាយចិត្ត ហាលខ្យល់ហាលភ្លៀង ការពារទឹកដីយ៉ាងអង់អាចក្លាហាន។

ព្រះគ្រូ ស៊ុម ពិសិទ្ធ មានថេរដីកាបន្តថា អំណោយជាស្បៀងអាហារ និងសម្ភារដែលត្រូវប្រើប្រាស់ចាំបាច់ ដែលយកមកប្រគល់ជូនដល់កងទ័ពនាពេលនេះ គឺស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋនៅសមរភូមិក្រោយ ចំពោះការលះបង់កម្លាំងកាយចិត្តដ៏ធំធេងរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ក្នុងការការពារជាតិមាតុភូមិព្រមទាំងបង្កើនស្មារតី និងកម្លាំងចិត្តដល់យុទ្ធជនជួរមុខឱ្យកាន់តែរឹងមាំ។ អំណោយទាំងនេះ ក៏ជាការចូលរួមជួយសម្រាលការលំបាក និងជួយផ្គត់ផ្គង់ដល់ការរស់នៅប្រចាំថ្ងៃរបស់កងទ័ពនៅតំបន់ដាច់ស្រយាល។

ព្រះអង្គបានបន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរៈកងទ័ព ដែលពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្ដីស្មោះត្រង់ចំពោះជាតិមាតុភូមិ ពួកគាត់សុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រាន្តលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្ដៅជាមួយក្រុមគ្រួសារ។ ដូច្នេះ យើងទាំងអស់គ្នាសូមសម្ដែងការដឹងគុណជានិច្ច ចំពោះកងទ័ពទាំងអស់ ហើយចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត។

ជាមួយគ្នានេះ ព្រះមន្រ្តីសង្ឃខេត្តសៀមរាប ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើង មានជំនឿចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ជាពិសេសសូមជូនពរដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខទាំងអស់ សូមសុខសប្បាយ សុខភាពល្អ និងទទួលបានជ័យជម្នះលើខ្មាំងសត្រូវ៕