បណ្ឌិត កៅ មុយថង លាតត្រដាងល្បែងនយោបាយជាតិនិយមលាក់ពុត លើវិបត្តិជាន់កែងជើងខ្លួនឯង ក្នុងសេចក្តីថ្លែងការណ៍ថៃ

04-06-2026 19:12

(ភ្នំពេញ)៖ បណ្ឌិត កៅ មុយថង អ្នកជំនាញសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន តាមរយៈបណ្ដាញព័ត៌មាន Fresh News បានលាតត្រដាងល្បែងនយោបាយជាតិនិយមលាក់ពុត លើវិបត្តិជាន់កែងជើងខ្លួនឯង ក្នុងសេចក្តីថ្លែងការណ៍ការបរទេសថៃ។

សេចក្តីថ្លែងការណ៍របស់ប្រមុខការទូតថៃ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឆ្លើយតបនឹងការ ប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS 1982) របស់កម្ពុជា មិនត្រឹមតែជាផ្ទាំងសិលា ឆ្លុះ បញ្ចាំងពីភាពទន់ខ្សោយផ្នែកគតិយុត្តរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែវាជាការទម្លាយនូវមហិច្ឆតា «ជាតិនិយម ជ្រុលបែបអនាធិបតេយ្យ» របស់ថៃ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត កៅ មុយថង។

សម្រាប់ចំណាត់ការដ៏ឆ្លាតវៃរបស់កម្ពុជា ត្រូវបានអ្នកជំនាញរូបនេះមើលឃើញថា បានដុតកម្តៅឱ្យនយោបាយការបរទេសថៃ រត់ស្លន់ស្លោ និងធ្លាក់ចូលក្នុងអន្ទាក់តក្កវិជ្ជា ដែលខ្លួនឯងបានជីកកប់ តាមរយៈវិបត្តិជាន់កែងជើងខ្លួនឯងដ៏គួរអៀនខ្មាស់លើ៣ផ្នែកធំៗគឺ៖

១. វប្បធម៌សម្តីផ្អែម ដៃកាន់ដាវដ៏មុតស្រួច៖ បំផ្លាញកិច្ចព្រមព្រៀងទ្វេភាគី តែទម្លាក់កំហុសឱ្យកម្ពុជា

ក្នុងចំណុចទី៧នៃសេចក្តីថ្លែងការណ៍ ថៃបានព្យាយាមទាញយកស្មារតីនៃសេចក្តីថ្លែងការណ៍ រួម GBC កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកធ្វើជាខែលការទូត បិទបាំងមហិច្ឆតាអាត្មានិយម និង ដើម្បីទាមទារសន្តិភាពបែបលាក់ពុត។ ប៉ុន្តែធាតុពិត នយោបាយជាតិនិយមថៃ បានស្តែងចេញយ៉ាង ច្បាស់ក្រឡែត តាមរយៈចរិតក្រឡាស់ និងហែកកិច្ចព្រមព្រៀងចោលតាមចិត្តនឹកឃើញ៖

- ការលុបចោលកិច្ចព្រមព្រៀងដើម្បីផលប្រយោជន៍នយោបាយផ្ទៃក្នុង៖ ការដែលភាគីថៃប្រកាសលុបចោលយន្តការចរចាទ្វេភាគីដ៏សំខាន់ (MOU 2001) ឯកតោភាគី គឺស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកបញ្ហាព្រំដែនធ្វើជាឈ្នាន់នយោបាយ ដើម្បីបំពេញចិត្តក្រុមជាតិនិយមជ្រុលនៅក្នុងប្រទេសខ្លួន។ យុទ្ធសាស្ត្រ «ចង់បានផល តែមិនចង់ទទួលខុសត្រូវ»នេះ បង្ហាញពីការខ្វះភាពចាស់ទុំខាងកិច្ចការបរទេស ដោយហ៊ានលះបង់ទំនុកចិត្តអន្តរជាតិ ដើម្បីតែការទាញយកប្រជាប្រិយភាពនយោបាយបណ្តោះអាសន្ន។

- ការប្រើប្រាស់សន្តិភាពគ្រាន់តែជាពាក្យស្លោក៖ ខណៈពេលដែលមាត់ទាមទារឱ្យមានការគោរព ស្មារតី GBC ចុងឆ្នាំ២០២៥ ដើម្បីរក្សាសន្តិភាព និងកាត់បន្ថយភាពតានតឹង ប៉ុន្តែសកម្មភាពជាក់ស្តែងបែរជាហែកចោលនូវមូលដ្ឋានចរចា OCA ទាំងស្រុង។ នេះជាភស្តុតាងដែលបញ្ជាក់ ថា ពាក្យ «សន្តិភាព និងកិច្ចសហប្រតិបត្តិការ» របស់ជាតិនិយមថៃ គ្រាន់តែជាវោហារសាស្ត្រការទូតសម្រាប់ប្រើប្រាស់បិទបាំងភាពកំសាក និងភាពទាល់ច្រកផ្នែកយុទ្ធសាស្ត្រគតិយុត្តរបស់ខ្លួនតែប៉ុណ្ណោះ នៅពេលដែលកម្ពុជាសម្រេចចិត្តចាប់បង្ខំឱ្យពួកគេត្រូវតែមកតតាំងគ្នានៅចំពោះមុខច្បាប់អន្តរជាតិ។

២. ភាពក្រឡាស់ច្បាប់អន្តរជាតិ៖ យក UNCLOS ធ្វើជាខែល តែខ្លាចរអាចំពោះអំណាចច្បាប់

ក្រសួងការបរទេសថៃព្យាយាមខ្ចីឈ្មោះ UNCLOS មកប្រើដើម្បីលម្អសេចក្តីថ្លែងការណ៍របស់ខ្លួន ប៉ុន្តែការអនុវត្តជាក់ស្តែង គឺកំពុងប្រមាថដល់ស្មារតីច្បាប់សមុទ្រអន្តរជាតិ៖

- ការបំពានកាតព្វកិច្ចចរចាដោយស្មោះត្រង់ (Good Faith Negotiation)៖ មាត្រា ៧៤ (៣) និង៨៣(៣) នៃអនុសញ្ញា UNCLOS បានកំណត់ជាកាតព្វកិច្ចច្បាប់ឱ្យរដ្ឋជាភាគីត្រូវខិតខំ ប្រឹងប្រែងក្នុងស្មារតីយោគយល់គ្នា ដើម្បីឈានទៅសម្រេចបាននូវការរៀបចំជាបណ្តោះអាសន្ន ដែលមានលក្ខណៈអនុវត្តជាក់ស្តែង (Provisional Arrangements of a practical nature)។ ផ្ទុយស្រឡះពីគោលការណ៍នេះ ការប្រកាសរំលាយ MOU 2001 ឯកតោភាគីរបស់ថៃ ដោយគ្មានការឯកភាពពីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សមុទ្រអន្តរជាតិ និងបានលាតត្រដាងយ៉ាងក្រឡែតនូវចរិតនយោបាយក្រឡាស់ក្រឡុក អាត្មានិយមដែលមិនខ្វល់ខ្វាយពីការគោរពហត្ថលេខា និងកេរ្តិ៍ឈ្មោះការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិឡើយ។

- ការភ័យខ្លាចចំពោះយន្តការអន្តរជាតិ៖ ថៃបានចោទប្រកាន់ចំណាត់ការច្បាប់របស់កម្ពុជាថាជា «ការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់»។ នេះជាការបកស្រាយបែបធ្វើជាវង្វេង ព្រោះថា យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) គឺជាសិទ្ធិស្របច្បាប់ទាំងស្រុងដែលមានចែង ក្នុង Part XV និង Annex V នៃ UNCLOS។ ជាតិនិយមថៃតែងតែខ្លាចរអាក្នុងការដោះស្រាយ តាមយន្តការអន្តរជាតិ ដូចប្រវត្តិសាស្ត្រក្តីក្តាំប្រាសាទព្រះវិហារ ព្រោះពួកគេដឹងខ្លួនថា មិនអាចប្រើឥទ្ធិពលគំរាមកំហែងកម្ពុជានៅចំពោះមុខច្បាប់អន្តរជាតិបានឡើយ។

៣. វិបត្តិជំពប់ជើងខ្លួនឯង (Logical Paradox) មាត់អះអាងថាគ្មានតម្លៃ តែខ្លួនញ័ររន្ធត់

ចំណុចដែលគួរឱ្យអស់សំណើច និងស្តែងឱ្យឃើញពីវិបត្តិទាល់ច្រកនៃនយោបាយការបរទេសថៃ គឺការសរសេរជាន់កែងជើងខ្លួនឯង និងការធ្លាក់ចូលក្នុងអន្ទាក់តក្កវិជ្ជាយ៉ាងធ្ងន់ធ្ងរនៅក្នុងសេចក្តីថ្លែងការណ៍តែមួយ៖

- ម្ខាងព្យាយាមបង្អាប់តម្លៃច្បាប់ ដើម្បីបោកប្រាស់សាធារណជន៖ នៅក្នុងចំណុចទី៥ ថៃបានខិតខំលួងចិត្តខ្លួនឯង និងបង្វែរដានដើម្បីភូតភរប្រជាជនខ្លួនថា យន្តការផ្សះផ្សាដែលកម្ពុជា សុំនេះ «មិនមានលក្ខណៈចងកាតព្វកិច្ចផ្លូវច្បាប់ឡើយ» (Not legally binding) ដោយបន្ទាបតម្លៃវាមកត្រឹមជា «ការផ្តល់អនុសាសន៍» សម្រាប់ចរចាបន្តប៉ុណ្ណោះ។ ការពិតយុទ្ធសាស្ត្ររបស់ថៃ គឺធ្វើឡើងក្នុងចេតនាទប់ទល់នឹងការរិះគន់ក្នុងស្រុក និងដើម្បីបិទបាំងភាពអាម៉ាស់ខាងការទូត ដែលថៃកំពុងត្រូវច្បាប់អន្តរជាតិបង្ខំឱ្យដើរចូលតតាំងក្តីដោយគ្មានផ្លូវគេចវេស។

- ម្ខាងទៀតស្តែងចេញនូវភាពរន្ធត់ និងការភ័យខ្លាចការទូត៖ ផ្ទុយស្រឡះពីការអះអាងខាងលើ នៅក្នុងចំណុចទី៣ ថៃបែរជាស្រែកព្រួយបារម្ភយ៉ាងច្បាស់ និងព្រមានទាំងចិត្តញាប់ញ័ររន្ធត់ថា វិធានការដដែលនេះនឹងបង្កផលប៉ះពាល់ និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្តារទំនាក់ទំនងទ្វេភាគី ត្រូវគាំងស្ទះទាំងស្រុង (Falter or stall)។ ការសម្តែងការភ័យខ្លាចហួសហេតុនេះ បានទម្លាយចរិតពិតរបស់ជាតិនិយមថៃថា ពួកគេកំពុងខ្លាចមិនហ៊ានឈរតតាំងក្តីដោយតម្លាភាពនៅលើវេទិកាអន្តរជាតិ ហើយកំពុងស្ថិតក្នុងវិបត្តិជំពប់ជើងខ្លួនឯងយ៉ាងធ្ងន់ធ្ងរ។

ទាំងនេះគឺជាអន្ទាក់យុទ្ធសាស្ត្រ ដែលនយោបាយជាតិនិយមថៃ កំពុងជំពប់ជើងដួលដោយខ្លួនឯង។ បើច្បាប់សមុទ្រអន្តរជាតិដែលកម្ពុជាយកមកអនុវត្តនេះ គ្រាន់តែជាអនុសាសន៍ឥតន័យ និងគ្មានអានុភាពចងផ្លូវច្បាប់ ដូចដែលថៃប្រកាសក្តែងៗ ដើម្បីលួងចិត្តប្រជាជនខ្លួនឯងពិតមែននោះ តើហេតុអ្វីបានជាក្រសួងការបរទេសថៃត្រូវរត់ស្លន់ស្លោ ហៅប្រជុំក្រុមទីប្រឹក្សាច្បាប់ទាំងយប់ទាំងថ្ងៃ និងបង្កើតសេចក្តីថ្លែងការណ៍ដ៏វង្វេងវង្វាន់ជាន់កែងជើងខ្លួនឯងបែបនេះ? ភាពភ័យស្លន់ស្លោនេះបានលាតត្រដាងយ៉ាងក្រឡែតថា ជាតិនិយមថៃកំពុងញ័ររន្ធត់ចំពោះមុខអំណាចច្បាប់អន្តរជាតិ ដែលពួកគេមិនអាចប្រើឥទ្ធិពលមកគាបសង្កត់កម្ពុជាបានដូចមុនទៀតឡើយ។

តថភាពពិតជាក់ស្តែងគឺ ថៃកំពុងញ័ររន្ធត់ និងភ័យស្លន់ស្លោជាទីបំផុត ព្រោះទោះបីជាលទ្ធផលចុងក្រោយនៃរបាយការណ៍ផ្សះផ្សានេះមិនចងកាតព្វកិច្ចផ្លូវច្បាប់ក៏ពិតមែន ប៉ុន្តែនីតិវិធីនៃការចូលខ្លួនមកតតាំងក្តី គឺមានលក្ខណៈបង្ខំដាច់ខាតតាមច្បាប់អន្តរជាតិ។ បើថៃនៅតែមានចរិតរឹងរូស ក្រអឺត ក្រទមមិនព្រមចូលរួម គណៈកម្មការអន្តរជាតិនឹងបើកសវនាការ និងកាត់ក្តីកំបាំងមុខ ដែលនឹងរុញថៃ ឱ្យធ្លាក់ចូលក្នុងរណ្តៅអាម៉ាស់មុខមាត់ការទូតពាសពេញសកលលោក បាត់បង់ទាំងផលប្រយោជន៍ ដែនសមុទ្រ និងហែកមុខមាត់ពិតជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ។ វិធានការគតិយុត្តដ៏មានឥទ្ធិពល និងឆ្លាតវៃរបស់កម្ពុជាលើកនេះ បានវាយបំបែកយុទ្ធសាស្ត្រអូសបន្លាយពេលវេលា លួចកេងចំណេញ និងការគាបសង្កត់បែបជាតិនិយមជ្រុលរបស់ថៃ ឱ្យរលាយខ្ទេចខ្ទីយ៉ាងចាស់ដៃបំផុត៕