អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំមហាជនជាង ១ ០០០នាក់ ដើរ ២ ៧០០ជំហាន ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងបុព្វហេតុដើម្បីទារក និងកុមារកម្ពុជា (Video inside)

04-06-2026 20:38

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ដឹកនាំពិធីដើរកម្សាន្ត ២ ៧០០ជំហាន ដើម្បីទារក និងកុមារកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ១ ៦០០នាក់។

នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចំាអគ្គនាយកដ្ឋាន និងអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀតក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។

ការរៀបចំពិធីដើរនេះស្របតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីបើក «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីកីឡា ផ្សាភ្ជាប់ជាមួយនឹងសកម្មភាពមនុស្សធម៌ ជាពិសេសដើម្បីបំផុស «ស្មារតីខ្មែរ ជួយខ្មែរ» ឱ្យកាន់តែទូលំទូលាយ ដែលជាផ្នែកមួយនៃយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ៕