កម្ពុជា-ទីម័រខាងកើត នឹងចុះហត្ថលេខាលើការលើកលែងទិដ្ឋាការឆ្លងដែនធម្មតា (Video inside)
04-06-2026 20:32
(ឌីលី)៖ លោក ជុន សុវណ្ណារិទ្ធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទីម័រខាងកើត (សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ) បានលើកឲ្យដឹងថា កម្ពុជា-ទីម័រខាងកើត នឹងចុះហត្ថលេខាលើគម្រោងលើកលែងទិដ្ឋាការឆ្លងដែនធម្មតា នាពេលឆាប់ៗខាងមុខនេះ ខណៈប្រទេសទាំងពីរកំពុងពន្លឿនកិច្ចការនេះ។
លោកលើកឡើងបែបនេះ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានកម្ពុជា នៅរដ្ឋធានីឌីលី នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងពិធីសម្ពោធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រខាងកើត ដែលជួយអភិវឌ្ឍដោយក្រសួងប្រៃសណីយ និងទូរគមនាគកមន៍ នៃព្រះរាជាណាចក្រកម្ពុជា។
ការធ្វើដំណើរពីកម្ពុជា ទៅកាន់ទីម័រខាងកើត សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតារបស់កម្ពុជា គឺអាចទទួលបានទិដ្ឋាការពេលមកដល់ (Visa on Arrival) ដោយបង់ប្រាក់សេវា ៣០ដុល្លារ ($30) នៅអាកាសយានដ្ឋានអន្តរជាតិ (Dili) ឬច្រកទ្វារព្រំដែន។
ការធ្វើដំណើរពីទីម័រខាងកើត មកកាន់កម្ពុជា ក៏ពលរដ្ឋទីម័រខាងកើត ដែលកាន់លិខិតឆ្លងដែនធម្មតា តម្រូវឱ្យស្នើសុំទិដ្ឋាការ (Visa) ហើយជម្រើសដែលងាយស្រួលបំផុត គឺការស្នើសុំទិដ្ឋាការអេឡិចត្រូនិក ឬ e-Visa ផ្លូវការរបស់កម្ពុជា។
សម្រាប់លិខិតឆ្លងដែនប្រភេទផ្សេងទៀត គឺកម្ពុជា និងទីម័រខាងកើត បានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរួចមកហើយ សម្រាប់តែអ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការប៉ុណ្ណោះ៕




