មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ អំពាវនាវឱ្យមន្ត្រីរាជការ បុគ្គលិក រួមគ្នាលើកកម្ពស់ការយល់ដឹងអំពីការបង្ការមេរោគអេដស៍ និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាព

04-06-2026 20:48

(ព្រះវិហារ)៖ លោក សេន ស៊ីហ៊ត់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំពាវនាវឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករទាំងអស់ រួមគ្នាលើកកម្ពស់ការយល់ដឹងអំពីការបង្ការមេរោគអេដស៍/ជំងឺអេដស៍ និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីកសាងបរិយាកាសការងារប្រកបដោយសុខភាពល្អ និងសុវត្ថិភាព។

ការថ្លែងអំពាវនាវរបស់លោករដ្ឋលេខាធិការបានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប និង ០២ បប របស់រាជរដ្ឋាភិបាល ព្រមទាំងការអប់រំចំណេះដឹងស្តីពីមេរោគអេដស៍ ជំងឺអេដស៍ និងផលប៉ះពាល់នៃគ្រឿងញៀន ដែលរៀបចំឡើងនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ម៉ា ស៊ុនហួត លោក ប៉ាតទ្រី ប៉ាស់ស្តាន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករជាច្រើនរូប។

លោក សេន ស៊ីហ៊ត់ បានថ្លែងគូសបញ្ជាក់ថា ការផ្សព្វផ្សាយអប់រំ និងបង្កើនការយល់ដឹងអំពីមេរោគអេដស៍ និងគ្រឿងញៀន គឺជាកិច្ចការចាំបាច់ និងត្រូវអនុវត្តជាប្រចាំ ដើម្បីឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករអាចការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ ពីហានិភ័យនានា។

លោករដ្ឋលេខាធិការបានថ្លែងលើកឡើងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបង្ការជំងឺអេដស៍ មិនមែនជាតួនាទីរបស់ស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា។ ការយល់ដឹងត្រឹមត្រូវ និងការចូលរួមសកម្មពីគ្រប់ភាគី គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងទប់ស្កាត់បញ្ហាទាំងនេះឱ្យមានប្រសិទ្ធភាព។

លោករដ្ឋលេខាធិការ ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់អនុវត្តការងារផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងស្តីពីការបង្ការជំងឺអេដស៍ និងផលប៉ះពាល់នៃគ្រឿងញៀន ដល់មន្ត្រីរាជការ បុគ្គលិក និងប្រជាពលរដ្ឋជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោក សេន ស៊ីហ៊ត់ បានជំរុញឱ្យអ្នកចូលរួមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គផ្សព្វផ្សាយនេះ ទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងធ្វើជាអ្នកផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ដើម្បីរួមចំណែកបង្កើតសង្គមមួយគ្មានគ្រឿងញៀន និងកាត់បន្ថយការឆ្លងមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត៕