វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក គួរអនុញ្ញាតឱ្យសម្ព័ន្ធមិត្តអាស៊ីផលិតអាវុធនុយក្លេអ៊ែរ ឬ?
04-06-2026 21:18
(វ៉ាស៊ីនតោន)៖ តើសហរដ្ឋអាមេរិកគួរជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ីអភិវឌ្ឍអាវុធនុយក្លេអ៊ែរដែរឬទេ? នេះជាសំណួរមួយត្រូវបានចោទសួរយ៉ាងផុលផុសក្នុងបរិបទដែលការជឿទុកចិត្តលើ សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពស្រពេចស្រពិល។ អស់ពេលរាប់ទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកបានព្យាយាមទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ី និងនៅទូទាំងពិភពលោក។ ដើម្បីអាចធ្វើដូច្នេះបាន ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ការធានាសន្តិសុខទៅឱ្យសម្ព័ន្ធមិត្ត និងបណ្ដាប្រទេសជាដៃគូរបស់ខ្លួន ខណៈប្រើប្រាស់វិធីទាំងផ្អែម និងទាំងក្ដៅដើម្បីបញ្ចុះបញ្ចូលសម្ព័ន្ធមិត្ត តួយ៉ាងដូចជាជប៉ុន និងកូរ៉េខាងត្បូង កុំឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
កិច្ចប្រឹងប្រែងនេះបានទទួលជោគជ័យមួយផ្នែកធំ។ បន្ទាប់ពីចិនបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងក្នុងឆ្នាំ១៩៦៤ មានការរំពឹងថាបណ្ដាប្រទេសជាច្រើនផ្សេងទៀតប្រហែលជាអាចនាំគ្នាអភិវឌ្ឍ អាវុធនុយក្លេអ៊ែរតាមដែរ។ ប៉ុន្តែជាង៦ទសវត្សរ៍មកនេះ មានតែឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើងប៉ុណ្ណោះដែលបានដើរតាមជំហានរបស់ប៉េកាំង។ តែទោះជាបែបនេះក្ដី បច្ចុប្បន្នមានបញ្ហាចំនួន៤ បាន បង្ខំឱ្យមានការគិតគូរពិចារណាឡើងវិញពីសណ្ដាប់ធ្នាប់មិនរីកសាយអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ី។ ទី១៖ តុល្យភាពយោធាទូទៅមិនមែននុយក្លេអ៊ែរកំពុងមានការផ្លាស់ប្ដូរ។ សព្វថ្ងៃមិនមានអ្វីធានា បានថាសហរដ្ឋអាមេរិកអាចទប់ស្កាត់ការបិទខ្ទប់ណាមួយរបស់ចិនលើតៃវ៉ាន់បានដោយជោគជ័យ ឬក៏អាចយកឈ្នះចិនក្នុងករណីសង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើងនោះទេ។ ប្រសិនបើសហរដ្ឋអាមេរិកមិនអាច ការពារសម្ព័ន្ធមិត្តណាមួយរបស់ខ្លួនបានទេ នោះសម្ព័ន្ធមិត្ត ឬបណ្ដាប្រទេសជាដៃគូផ្សេងទៀតអាចនឹងសម្លឹងរកមធ្យោបាយផ្សេងដើម្បីការពារខ្លួនឯង។
ទី២៖ តុល្យភាពនុយក្លេអ៊ែរកំពុងផ្លាស់ប្ដូរ៖ រាប់ទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកបានផ្ដល់ការគាំទ្រដល់កងទ័ពរបស់ខ្លួនជាមួយអំណាចនៃអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែខណៈកូរ៉េខាងជើងកំពុងអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ ដែលអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ហើយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនត្រូវបានពង្រីកកាន់តែធំយ៉ាងឆាប់រហ័ស ការសម្លុតគំរាមនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហាក់មិនសូវមានភាពទាក់ទាញ រីឯឆត្រនុយក្លេអ៊ែរវិញកំពុងស្ថិតនៅក្រោមការសង្ស័យកាន់តែខ្លាំងឡើង។ ទី៣៖ មេរៀនពីសង្រ្គាមអ៊ុយក្រែន៖ មហាអំណាចប្រដាប់ដោយអាវុធនុយក្លេអ៊ែរដូចជារុស្ស៉ី បានធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ហើយយកអាវុធនុយក្លេអ៊ែរមកគំរាមទប់ស្កាត់កុំឱ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ជួយការពារអ៊ុយក្រែនដោយផ្ទាល់។ កូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់សុទ្ធតែ មានការព្រួយបារម្ភថាសត្រូវរបស់ពួកគេដែលមានអាវុធនុយក្លេអ៊ែរអាចនឹងយកគំរូតាមរុស្ស៉ី។ ទី៤៖ សហរដ្ឋអាមេរិកនៅក្រោមអាណត្តិទី២ របស់លោកប្រធានាធិបតីដូណាល់ ត្រាំ បានក្លាយជា អ្នកការពារមួយដែលគេមិនសូវជឿទុក។ ក្រោមអាណត្តិរបស់លោក ត្រាំ សហរដ្ឋអាមេរិកបានផ្តោតជាអាទិភាពលើការការពារ និងពង្រីកដែនអំណាចនៅក្បែររបងផ្ទះរបស់ខ្លួន ជាជាងផ្តោតលើ តំបន់ប៉ាស៊ីកហ្វិកភាគខាងលិច ហើយប្រតិបត្តិការយោធាប្រឆាំងវ៉េណេស៊ុយអេឡាអាចយកមកធ្វើជាឧទាហរណ៍បញ្ជាក់បាន។ លោក ត្រាំផ្ទាល់ថែមទាំងបាននិយាយជាញឹកញាប់ទៀតផងថា សហរដ្ឋអាមេរិកមិនគួរទទួលខុសត្រូវជាចម្បងក្នុងការការពារបណ្ដាប្រទេសដែលស្ថិតនៅឆ្ងាយពីសហរដ្ឋអាមេរិកឡើយ។ នៅទីនេះ «យុគសម័យខ្លួនទីពឹងខ្លួន» ប្រហែលបានចាប់ផ្ដើមហើយ។
ម្លោះហើយ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលការជជែកដេញដោលពីអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងត្បូង និងជប៉ុនហាក់មានសន្ទុះកាន់តែខ្លាំង។ លោក ត្រាំក៏ធ្លាប់លើកឡើងដោយប្រយោលដែរពី លទ្ធភាពបើកភ្លើងបៃតងឱ្យសម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរ ចាប់តាំងពីកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីអាណត្តិទី១មកម្ល៉េះ។ ដូច្នេះតើអ្វីទៅជាគុណសម្បត្តិ និងហានិភ័យ? នៅក្រោមគំនិតសុទិដ្ឋនិយម គុណសម្បត្តិនៃការអនុញ្ញាតឱ្យសម្ព័ន្ធមិត្តមួយចំនួនតូចរបស់សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរ ឬគេហៅថាការរីកសាយអាវុធនុយក្លេអ៊ែរដោយមាន ការគ្រប់គ្រងត្រឹមត្រូវ នោះគឺអាចឱ្យពួកគេមានសមត្ថភាពការពារខ្លួនឯង និងកាត់បន្ថយការពឹងផ្អែកយោធាលើសហរដ្ឋអាមេរិក។ រឹតតែល្អជាងនេះគឺ «សន្តិភាពនុយក្លេអ៊ែរ»។ នៅក្រោមគំនិតនេះ គេចង់ប្រៀបថាអំឡុងសម័យសង្រ្គាមត្រជាក់ សហរដ្ឋអាមេរិក និងសូវៀតអាចបញ្ចៀសសង្រ្គាមដោយផ្ទាល់បាន ក៏ដោយសារតែមហាអំណាចទាំង២មានអាវុធនុយក្លេអ៊ែរដូចគ្នាដែលធ្វើឱ្យពួកគេដឹង ច្បាស់ពីមហន្តរាយអាចកើតឡើងក្នុងករណីសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។
ប៉ុន្តែទន្ទឹមគ្នានឹងគុណសម្បត្តិ វាក៏មានគុណវិបត្តិ និងហានិភ័យផងដែរ។ ទី១៖ ប្រទេសដែលមានអារម្មណ៍រងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងត្បូង ជប៉ុន ឬតៃវ៉ាន់ តួយ៉ាងដូចជា ចិនប្រាកដជានឹងមិនឈរឱបដៃមើលពួកគេផលិតអាវុធនុយក្លេអ៊ែរបានដោយជោគជ័យនោះទេ។ បើមិនឈរឱបដៃមើល ចិនអាចនឹងប្រឹងប្រែងទប់ស្កាត់ ហើយគេក៏មិនអាចច្រានចោលទាំងស្រុងនោះដែរ នូវលទ្ធភាពដែលចិនអាចនឹងប្រើប្រាស់កម្លាំងយោធាវាយប្រហារបង្ការទុកមុន។ នៅត្រង់ចំណុចនេះ តៃវ៉ាន់ជាបញ្ហាសើបជាងគេ ដោយចិននឹងប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនមានដើម្បីរារាំងមិនឱ្យ ដែនកោះមួយនេះមានអាវុធនុយក្លេអ៊ែរដាច់ខាត។ ដូច្នេះសូម្បីតែកិច្ចប្រឹងប្រែងនាំមកនូវការរីកសាយអាវុធនុយក្លេអ៊ែរដែលមានការគ្រប់គ្រងត្រឹមត្រូវអាចនាំមានហានិភ័យខ្ពស់ផ្ទុះទៅជាសង្រ្គាម។
ទី២៖ បើទោះជាប្រទេសថ្មីណាមួយក្នុងតំបន់អាស៊ីផលិតអាវុធនុយក្លេអ៊ែរបានដោយជោគជ័យក៏ដោយ ក៏ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេនៅតែមានទំហំតូច និងងាយរងគ្រោះពីការវាយប្រហារមីស៊ីល ដោយសារតែបណ្ដាប្រទេសក្នុងតំបន់អាស៊ីបូព៌ាមានទីតាំងភូមិសាស្ត្រស្ថិតនៅជិតៗគ្នាពេក។ ម្យ៉ាងវិញទៀត ការព្រួយបារម្ភពីការវាយប្រហារបង្កាទុកមុនណាមួយពីសត្រូវ អាចនឹងជំរុញពួកគេដាក់ឱ្យ អាវុធនុយក្លេអ៊ែររបស់ខ្លួនស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ត្រៀមបាញ់ចេញ ដែលនេះងាយបង្កទៅជាយល់ច្រឡំដែលអាចនាំទៅរកមហន្តរាយ។ ទី៣៖ ឃ្លាំងអាវុធនុយក្លេអ៊ែរមិនស័ក្តិសមនឹងយុទ្ធសាស្ត្រ នៃសង្រ្គាមតំបន់ពណ៌ប្រផេះទេ។ ជាឧទាហរណ៍៖ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ NATO មិនអាចកំញើញទប់ស្កាត់សង្រ្គាមកូនកាត់របស់រុស្ស៉ីប្រឆាំងនឹងអឺរ៉ុបបានឡើយ។ អាចដូចគ្នាដែរមិនមានការធានាថា ឃ្លាំងអាវុធនុយក្លេអ៊ែរណាមួយរបស់តៃវ៉ាន់ អាចកំញើញទប់ស្កាត់យុទ្ធសាស្ត្រសង្រ្គាមតំបន់ពណ៌ប្រផេះរបស់ចិនបាននោះទេ។ ពីព្រោះគេមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជម្លោះតូចតាចៗ តួយ៉ាងដូចជា សង្រ្គាមកូនកាត់ក្នុងនោះរួមមានការវាយប្រហារព័ត៌មានវិទ្យា ឬសកម្មភាពនៅក្រោមកម្រិតសង្រ្គាមនោះទេ។ ការកំញើញនុយក្លេអ៊ែរមានប្រសិទ្ធភាពទៅបាន ទាល់តែយើងអាចធ្វើឱ្យសត្រូវយល់ថាយើង នឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើពួកគេហ៊ានឆ្លងបន្ទាត់ក្រហម។ ប៉ុន្តែ វាសឹងតែមិនអាចទៅរួចទេដែលប្រទេសងាយរងគ្រោះមួយ ហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងសត្រូវដែលខ្លាំងជាងខ្លួន លើកលែងតែអត្ថិភាពជាតិរបស់ពួកគេប្រឈមមុខនឹងគ្រោះថ្នាក់ប៉ុណ្ណោះ។
ទី៤៖ ការរីកសាយអាវុធនុយក្លេអ៊ែរប្រហែលជាគ្មានដែនកំណត់ទេ។ ក្នុងសេណារីយ៉ូល្អបំផុត មានតែប្រទេសប្រជាធិបតេយ្យមានទំនួលខុសត្រូវខ្ពស់មួយចំនួនតូចប៉ុណ្ណោះដែលគួរមានអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ ចុះបើការរីកសាយអាវុធនុយក្លេអ៊ែរមិនមានដែនកំណត់ទៅវិញ? បានន័យថាប្រសិនបើកូរ៉េខាងត្បូង ឬជប៉ុនមានអាវុធនុយក្លេអ៊ែរ តើគេអាចធានាបានទេថាប្រទេសផ្សេងទៀតមិនចង់បាន អាវុធនុយក្លេអ៊ែរដែរនោះ? បើក្នុងតំបន់អាស៊ីបូព៌ាមានការរីកសាយអាវុធនុយក្លេអ៊ែរ នោះតំបន់ផ្សេងទៀតជាពិសេសបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ក៏ប្រហែលជាចង់បានអាវុធនុយក្លេអ៊ែរដែរ។
ទី៥៖ ប្រទេសកាន់តែច្រើនមានអាវុធនុយក្លេអ៊ែរ វិបត្តិនុយក្លេអ៊ែរក៏មានកាន់តែច្រើនផងដែរ ហើយមានការធានាតិចតួចណាស់ថាសហរដ្ឋអាមេរិកអាចយករួចខ្លួនមិនពាក់ព័ន្ធ។ ដ្បិតសង្រ្គាម ឬជម្លោះ នុយក្លេអ៊ែរមួយនឹងបង្កផលវិបាកជាសកល បើទោះជាសហរដ្ឋអាមេរិកចង់គេច ក៏ពិបាកនឹងគេចរួចដែរ។ ម្យ៉ាងវិញទៀត ទោះជាប្រទេសអាស៊ីថ្មីណាមួយមានអាវុធនុយក្លេអ៊ែរក៏ដោយ ក៏ពួកគេនៅតែត្រូវការ ការគាំទ្រពីសហរដ្ឋអាមេរិកដដែល។ ជាឧទាហរណ៍៖ ទាល់តែជប៉ុនមានឃ្លាំងអាវុធនុយក្លេអ៊ែរប្រហាក់ប្រហែល ឬអាចស៊ីសងជាមួយចិនបាន បើពុំដូច្នោះទេជប៉ុនប្រហែលជានៅតែមានការស្ទាក់ស្ទើរក្នុង ប្រឈមមុខនុយក្លេអ៊ែរជាមួយចិន ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិកទេនោះ។
តាមទស្សនៈរបស់សហរដ្ឋអាមេរិក តំបន់អាស៊ីមួយដែលមានការរីកសាយអាវុធនុយក្លេអ៊ែរអាចនាំមកនូវការទទួលបន្ទុកកាន់តែធ្ងន់ ហើយកាន់តែមានគ្រោះថ្នាក់ជាងមុនទៀតផង។ ក្នុងន័យនេះ ការរីកសាយអាវុធនុយក្លេអ៊ែរបើទោះជាមានការគ្រប់គ្រងត្រឹមត្រូវក៏ដោយ ក៏វាមិនមែនជាដំណោះស្រាយមួយដែលអាចដោះស្រាយបញ្ហាបានគ្រប់រឿងនោះទេ។ វាផ្ដល់អត្ថាប្រយោជន៍ខ្លះៗនៅក្នុងទ្រឹស្ដី តែជាការអនុវត្តជាក់ស្ដែង វាអាចបង្កប់ទៅដោយគ្រោះថ្នាក់ផងដែរ។ វាមិនមានឡើយដំណោះស្រាយលឿនរហ័ស ឬផ្លូវកាត់ដើម្បីសន្តិសុខ និងភាពរុងរឿងក្នុងតំបន់មួយពោរពេញដោយការប្រកួតប្រជែង ដូចជាតំបន់អាស៊ី។ ប៉ុន្តែ ការពិតដែលថាតុល្យភាពយោធាក្នុងតំបន់អាស៊ី និងការជឿទុកចិត្តលើសហរដ្ឋអាមេរិកកំពុងចុះខ្សោយ សំណួរអំពីការរីកសាយអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ីនឹងនៅតែបន្តត្រូវបានចោទសួរជាច្រើនឆ្នាំទៅមុខ៕









