រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក ញ៉ែម សារ៉ន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
04-06-2026 22:05
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក ញ៉ែម សារ៉ន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១:២០ នាទីព្រឹក ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតចំពោះ លោកជំទាវ គង់ សុគិត និងក្រុមគ្រួសារ។ នេះជាការបាត់បង់នូវឧត្ដមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ៕

















