ព្រឹត្តិការណ៍ដើរ ២ ៧០០ជំហាន ប្រមូលថវិកាបាន ២ ១០០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចាត់ទុកព្រឹត្តិការណ៍នេះជាការផ្សាភ្ជាប់កីឡា ជាមួយសកម្មភាពមនុស្សធម៌
05-06-2026 11:19
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា ពិធីដើរនេះមានគោលបំណងបង្កើន និងពង្រឹងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ដើម្បីផ្សាភ្ជាប់កីឡា ជាមួយសកម្មភាពមនុស្សធម៌ ជាពិសេសដើម្បីបំផុសស្មារតីខ្មែរ ជួយខ្មែរ ឱ្យកាន់តែទូលំទូលាយជាផ្នែកមួយនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។
ការថ្លែងបែនេះរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដឹកនាំពិធីដើរកម្សាន្ត «២ ៧០០ជំហាន ដើម្បីទារក និងកុមារកម្ពុជា» នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ១ ៦០០នាក់។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៦នេះ គណៈកម្មការទ្រទ្រង់ចំនួនប្រមាណ១០០ ត្រូវបានបង្កើតឡើងដើម្បីជំរុញការចូលរួមបរិច្ចាគឱ្យកាន់តែទូលំទូលាយ និងផុសផុលពីសំណាក់បណ្តាថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងបុគ្គលិក នៅតាមបណ្តាក្រសួង-ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្តនីមួយៗដែលមានទឹកចិត្តសប្បុរសចង់ចូលរួមជួយទារក, កុមារ និងស្ត្រីកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ជាយន្តការដ៏សំខាន់មួយ ក្នុងការបំផុសចលនាផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងរង្វង់ដែនសមត្ចកិច្ចរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីរួមគ្នាក្នុងមហាចលនាសប្បុរសធម៌ និងក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដែលជាគោលបំណងដើម របស់មូលនិធិគន្ធបុប្ផាកម្ពុជា និងត្រូវបានប្រកាសជាឱឡារិកដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងអំឡុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
បើតាមលោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍ដើរ ២៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាពិធីបើក «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ។
លោកបណ្ឌិត ចន ណារិទ្ធ បានបន្តថា បរិច្ចាគថវិកាក្នុងពិធី «ដើរ ២ ៧០០ជំហាន ដើម្បីទារក និងកុមារកម្ពុជា» ជាការបរិច្ចាគដើម្បីគាំទ្រ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ហើយរាល់ការបរិច្ចាគពីសំណាក់សប្បុរសជនទោះតិចក្ដី ច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា ដែលទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា និងសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ប្រមាណជាង ១លានករណី ក្នុងមួយឆ្នាំៗ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ចន ណារិទ្ធ រំលេចពីលទ្ធផលនៃ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដោយគិតត្រឹមព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ មានអ្នកចូលរួមបរិច្ចាគជាង ៧ម៉ឺននាក់ ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលជាដុល្លារអាម៉េរិក ប្រមាណ ៣,៥លានដុល្លារ ដោយមិនទាត់គិតបញ្ចូលនូវថវិកាបរិច្ចាគក្នុង «ដើរ ២ ៧០០ជំហាន ដើម្បីទារក និងកុមារកម្ពុជា» ប្រមាណជាង ២ ១០០លានរៀល ពីសប្បុរសជនជាង ១០ ០០០នាក់ នៅឡើយ៕




































































