លិខិតមិត្តអ្នកអាន៖ ពលរដ្ឋសប្បាយចិត្ត ដែលសម្តេចតេជោ នៅតែយកចិត្តទុកដាក់គម្រោងសាងសង់ផ្លូវ និងស្ពាន តភ្ជាប់កំពង់ឆ្នាំង-កំពង់ធំ
05-06-2026 14:15
(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបង្ហាញក្តីរីករាយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ដែលជាការតភ្ជាប់ដ៏សំខាន់សម្រាប់ខេត្តជុំវិញបឹងទន្លេសាប។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ ភាពជុំវិញខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹក និង ផ្លូវគោក មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋសប្បាយចិត្ត ដោយសារសព្វថ្ងៃតម្លៃស្រឡាងកំពង់លែង-កំពង់ឆ្នាំង មានតម្លៃថ្លៃ ដោយរថយន្តតូច ១គ្រឿង តម្លៃ ២៥ ០០០រៀល រីឯរថយន្ត ២៥កៅអី តម្លៃ ៩០ ០០០រៀល។ ហេតុនេះ បើសិនមានស្ពានកាន់តែលឿន នាំឲ្យការធ្វើដំណើរ ទាក់ទាញទេសចរ និងការដឹកកសិផល ច្បាស់ជាមានភាពល្អប្រសើរ ហើយជីវភាពអ្នកក្នុងតំបន់កាន់តែធូរធា។
ប្រការតម្លៃថ្លៃនះ នាំឲ្យការធ្វើដំណើរពិបាក ជាពិសេសម្ចាស់ស្រឡាងមិនយោគយល់ចំពោះតម្លៃឡើយ បើទោះជាការធ្វើដំណើរនោះក្នុងនាមជាការងារមនុស្សធម៌ ដូចជា ចែកអំណោយ ធ្វើបុណ្យទាន និងសម្តែងអ្វីជាសិល្បៈវប្បធម៌ នៅស្រុកកំពង់លែង។ កាន់តែលំបាក នៅពេលមានអ្នកទៅស្រុកកំពង់លែងជាក្រុម ចាប់ពី ៤ ទៅ ៥រថយន្ត ពួកគាត់ឡើងស្រឡាងមិនទាន់គ្នាឡើយ ដោយសារអ្នកធ្វើការមិនចេះសម្រួលឲ្យអ្នកដំណើរបានទៅស្របពេលគ្នា។
សូមជម្រាបថា តម្លៃដរទទឹងកំពង់ឆ្នាំង-កំពង់លែង បានកំណត់តម្លៃចំពោះមនុស្សម្នាក់ត្រឹម ១ ០០០រៀល ហើយម៉ូតូ ២ ០០០រៀល តែប្លែកតែរថយន្តមានតម្លៃថ្លៃ ដែលតម្លៃនេះបានធ្វើឲ្យប្រជាជននៅស្រុកនោះ មិនសប្បាយចិត្ត និងបានស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជួយសម្រួលតម្លៃ។
កាលពីមុនដរទទឹង ត្រូវបើកផ្លូវវាងតាមកោះមានចម្ងាយឆ្ងាយ និងត្រូវប្រើពេលយូរ ដែលគេយល់ថា អាចមកពីស្រឡាងចំណាយប្រេងច្រើន តែដំណាក់កាលចុងក្រោយនេះ រាជរដ្ឋាភិបាល បានជីកព្រែក និងស្តារដីយកជម្រៅជ្រៅកាត់ទទឹងកោះចំនួនពីរ ដើម្បីឲ្យការដឹកអ្នកដំណើរបានលឿនឆាប់រហ័ស និងងាយស្រួលទៀត ដោយគ្រាន់តែចំណាយពេលប្រមាណជាង ១៥នាទី ឆ្លងផុតហើយ តែតម្លៃឡានដាក់ស្រឡាងនៅតែថ្លៃដដែល៕













