មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ គ្រូពេទ្យមិនត្រឹមតែជាអ្នកព្យាបាលអ្នកជំងឺ តែត្រូវមានក្តីមេត្តាករុណា ចេះយល់ចិត្តអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ប្រកបដោយការទទួលខុសត្រូវខ្ពស់
05-06-2026 14:34
(កំពង់ស្ពឺ)៖ លោកសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេស នៃក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានលើកឡើងថា គ្រូពេទ្យមិនត្រឹមតែជាអ្នក ព្យាបាលអ្នកជំងឺ តែត្រូវមានក្តីមេត្តាករុណា ចេះយល់ចិត្តអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកថ្លែងបែបនេះ ក្នុងឱកាសតំណាងលោកសាស្ត្រាចារ្យមហាបរិញ្ញា ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបើកអបអរសាទរ ទិវាអភិវឌ្ឈវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី៦ ខេត្តកំពង់ស្ពឺ រៀបចំដោយមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមផ្ទាល់ពីសំណាក់គ្រូពេទ្យ ២០០នាក់ និងតាមប្រព័ន្ធនិម្មិត ជាង ៨០០នាក់។
លោកសាស្ត្រាចារ្យ សុខ ជួរ បានលើកឡើថា ក្នុងនាមជាគ្រូពេទ្យត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងសាធារណជន ព្រមទាំងគោរពច្បាប់ បទដ្ឋានគតិយុត្ត និងវិន័យការងារឱ្យបានម៉ឺងម៉ាត់បំផុត ជាងនេះប្រកាន់ជាប់នៅក្រមសីលធម៍វិជ្ជាជីវៈជាគ្រូពេទ្យ ត្រូវរួមគ្នាខិតខំការពារ និងលើកកម្ពស់កិត្តិយស ក៏ដូចជាឥស្សរភាព នៃវិជ្ជាជីវៈពេទ្យនៅកម្ពុជា ដើម្បីបន្តកសាងជំនឿ និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។
លោកសាស្ត្រាចារ្យ បានបន្តថា ដើម្បីសម្រេចបានគោលដៅនេះ គ្រូពេទ្យម្នាក់ៗត្រូវខិតខំស្រាវជ្រាវចំណេះដឹង និងវិទ្យាសាស្ត្រថ្មីៗឱ្យទាន់សម័យ ពង្រឹងពង្រីកមានជំនាញ និងបទពិសោធន៍ការងារច្បាស់លាស់ បម្រើសេវាជូនប្រជាពលរដ្ឋ ដោយយកគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ជាត្រីវិស័យក្នុងការសម្រេចចិត្ត។
លោក ហុក គ្រី ប្រធាមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ បានលើកឡើងថា ការសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត មិនមែនជាជម្រើសនោះទេ ប៉ុន្តែវាជាកាតព្វកិច្ច ជាក្រមសីលធម៌ និងជាបេសកកម្មជីវិតរបស់គ្រូពេទ្យគ្រប់រូប ដើម្បីធានាថា «ចំណេះដឹង និងជំនាញ របស់យើង តែងតែទាន់សម័យ និងមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកជំងឺ»។ វាជាផ្នែកមួយពង្រឹង និងពង្រីកចំណេះដឹងផ្នែកគ្លីនិក តាមរយៈការចែករំលែកបទពិសោធន៍ បច្ចេកវិទ្យា និង ពិធីសារព្យាបាលថ្មីៗ។
លោកស្នើថា ត្រូវលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ និងបង្កើតវេទិកាជួបជុំ សហការ និងពិភាក្សា រវាងវេជ្ជបណ្ឌិត និងអ្នកជំនាញការ ដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈមសុខភាពសាធារណៈនាពេលបច្ចុប្បន្ន៕

































