ខេត្តពោធិ៍សាត់ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក លើកទី៣០ ក្រោមប្រធានបទ «សំណល់សូន្យ» ដើម្បីសោភ័ណភាព និងសុខុមាលភាពសាធារណៈ

05-06-2026 14:40

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅចំណតឡាន ខាងលិចភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានប្រារព្ធពិធីអបអរសាទរ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី៣០» ក្រោមប្រធានបទដ៏មានអត្ថន័យថា «សំណល់សូន្យ»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្ត បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ មានគោលបំណងកៀរគរការចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមមាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងសាធារណជន ដើម្បីរួមគ្នាធ្វើអនាម័យ កែលម្អសោភ័ណភាពទីប្រជុំជន សាលារៀន វត្តអារាម និងជាពិសេសគឺ «បឹងទន្លេសាប»។ យុទ្ធនាការនេះ សំដៅលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវសុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរឥរិយាបថរស់នៅ ដោយផ្តោតលើការកាត់បន្ថយសំណល់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ លោកបានបញ្ជាក់ពីការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រដ្ឋបាលខេត្តគឺ៖ «មានអភិបាលស្រុក អត់សំរាម, មានសំរាម អត់អភិបាលស្រុក និងមានមេឃុំ-ចៅសង្កាត់ អត់សំរាម មានសំរាម អត់មេឃុំ-ចៅសង្កាត់»។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានជំរុញយុទ្ធនាការដាំដើមឈើបង្កើតគម្របបៃតង ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនេះ លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តសកម្មភាពសាមញ្ញៗ ដើម្បីបរិស្ថានស្អាត ដោយត្រូវចូលរួមឱ្យបានផុសផុល ក្នុងយុទ្ធនាការកាត់បន្ថយប្លាស្ទិក តាមរយៈការបដិសេធមិនប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់, ការកាត់បន្ថយការប្រើប្រាស់សម្ភារៈប្លាស្ទិក, ការកែច្នៃសំណល់ដែលនៅសល់ឱ្យមានប្រយោជន៍, ការប្រើប្រាស់ថង់ក្រណាត់ ដបទឹក និងប្រអប់អាហារផ្ទាល់ខ្លួនដែលប្រើបានច្រើនដង និងបន្តអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ឱ្យបានជាប់លាប់នៅតាមសាលារៀន ស្ថាប័នរដ្ឋ ផ្សារ និងសហគមន៍ ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ ឱ្យងាកមកប្រើប្រាស់ផលិតផលដែលមាននិរន្តរភាពបរិស្ថាន។

លោកអភិបាលរងខេត្ត បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗយុវជន និងសិស្សានុសិស្ស នឹងបន្តក្លាយជាគំរូល្អក្នុងការការពារបរិស្ថាន និងផ្សព្វផ្សាយសារសំខាន់ នៃការរស់នៅបែប «សំណល់សូន្យ» ទៅកាន់គ្រួសារ និងសហគមន៍របស់ខ្លួន ដើម្បីអនាគតដ៏បៃតងសម្រាប់កម្ពុជា៕