បណ្ឌិត កៅ ថាច ជួបប្រជុំជាមួយសមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់
05-06-2026 14:43
(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់ ៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមប្រជុំជាមួយសមាជិក នៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាព បណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាអំពី វឌ្ឍនភាពការងាររបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ស្របតាមមុខងារភារកិច្ច បញ្ហាប្រឈម នៃដំណោះស្រាយ ជាពិសេស ការជំរុញការនាំចេញកសិផល និងផលិតផលខ្មែរ ចូលទៅកាន់ទីផ្សារនូវែលហ្សេឡង់។
ក្នុងឱកាសនេះដែរ បណ្ឌិត កៅ ថាច បានស្នើឱ្យសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ ចេះសហការគ្នាដោះស្រាយបញ្ហា និងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនេះ បណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ភាពជោគជ័យលើការងារលើជំរុញពាណិជ្ជកម្មនេះ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្អែកលើការប្រឹងប្រែងរបស់សមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។
លោកបណ្ឌិតបានផ្តល់អនុសាសន៍ ការបំពេញការងារត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលត្រូវមានការដឹកនាំច្បាស់លាស់ រួមមាន សិល្បៈនៃការដោះស្រាយបញ្ហា ការទំនាក់ទំនង ការពិគ្រោះយោបល់ និងការកសាងផែនការសកម្មភាពសម្រាប់ស្ថាប័ន៕









