មន្រ្តីសាធារណការ ចាប់ផ្តើមអនុវត្តគម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៩២ ដោយក្រាលកៅស៊ូពីរជាន់ DBST នៅស្រុកឆែប ខេត្តព្រះវិហារ
05-06-2026 14:46
(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងចាប់ផ្តើមអនុវត្តគម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៩២ ដោយក្រាលកៅស៊ូពីរជាន់ (DBST) ចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តទៅ ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
យោងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលចុះហត្ថលេខាដោយលោក សំ លាងទ្រី ប្រធានមន្ទីរ បានបញ្ជាក់ថា គម្រោងនេះអនុវត្តលើកំណាត់ផ្លូវប្រវែង ២,៣០០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ ៤៦+៨០០ ដល់ ៤៩+១០០ ដោយស្ថាបនាផ្លូវទទឹង ៨ម៉ែត្រ និងចិញ្ចើមផ្លូវល្បាយថ្មទទឹង ១ម៉ែត្រ សងខាង។ ក្រៅពីនេះ ក៏មានការគូសគំនូសចរាចរណ៍ ដំឡើងបង្គោលនាំផ្លូវ ដាក់ដុំចំណាំងអ័ក្សផ្លូវ (Road Stud 3M) និងផ្លាកសញ្ញាចរាចរណ៍ ដើម្បីបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើចរាចរណ៍ផងដែរ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អចលនទ្រព្យ និងអាជីវករទាំងអស់ ដែលរស់នៅ និងប្រកបអាជីវកម្មតាមបណ្តោយកំណាត់ផ្លូវខាងលើ សូមចូលរួមសហការ ជាមួយក្រុមការងារអនុវត្តគម្រោង ជាពិសេសការរុះរើសំណង់ ឬវត្ថុផ្សេងៗដែលរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ដើម្បីធានាឱ្យដំណើរការស្ថាបនាផ្លូវប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលាកំណត់។
គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៩២ នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អសោភ័ណភាពផ្លូវថ្នល់ បង្កើនសុវត្ថិភាពចរាចរណ៍ និងជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់ការធ្វើដំណើររវាងតំបន់ នានាក្នុងខេត្តព្រះវិហារ ឱ្យកាន់តែមានប្រសើរថែមទៀត៕







