សមាគមបណ្តាញកសិករតេជោ ចុះពង្រឹងកិច្ចសហការ និងពង្រីកទីផ្សារកាហ្វេ ជូនបងប្អូនសហគមន៍ជនជាតិដើមភាគតិច ក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី

05-06-2026 14:51

(មណ្ឌលគិរី)៖ ក្នុងក្របខណ្ឌការងាររបស់សមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកផ្នែកកាហ្វេ, លោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ (Kiri Coffee) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយបងប្អូនតំណាងសហគមន៍ជនជាតិដើមភាគតិច មកពីឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីស្វែងរកដំណោះស្រាយ និងជំរុញខ្សែច្រវាក់ផលិតកម្មកាហ្វេឱ្យកាន់តែមាននិរន្តរភាព។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកប្រធានក្រុមហ៊ុន បានពាំនាំនូវការសាកសួរទុក្ខយ៉ាងយកចិត្តទុកដាក់ និងក្តីនឹករលឹកបំផុតពីសំណាក់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ ជូនចំពោះបងប្អូនកសិករ និងសហគមន៍ជនជាតិដើមភាគតិចទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងលើការងារបង្កបង្កើនផល និងថែរក្សាគុណភាពកាហ្វេខ្មែរ។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ លើរបៀបវារៈចម្បងៗចំនួន ៣រួមមាន៖

១. ការគាំទ្រផ្នែកឥណទានកសិកម្មសម្រាប់ពង្រីកការដាំដុះ៖ ពិភាក្សាលើលទ្ធភាពនៃការផ្តល់ឥណទាន ឬការគាំទ្រជាកញ្ចប់កសិកម្មជូនដល់បងប្អូនកសិករដាំដុះកាហ្វេ រួមមានការផ្គត់ផ្គង់ ជី, កូនពូជ, ថ្នាំកសិកម្ម និងសម្ភារៈបច្ចេកទេសផ្សេងៗ ដើម្បីជួយបងប្អូនមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ និងបង្កើនទិន្នផល។

២. កិច្ចសន្យាទីផ្សារ និងការធានាប្រមូលទិញ៖ ពិភាក្សាលើ (យន្តការ) នៃកិច្ចសន្យាទីផ្សារ ដោយក្រុមហ៊ុន គីរីកាហ្វេ នឹងបន្តចុះប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនកសិករ ក្នុងរដូវប្រមូលផលខាងមុខ ទៅតាមតម្លៃទីផ្សារជាក់ស្តែង ដើម្បីធានាស្ថិរភាពប្រាក់ចំណូល និងផ្តល់ទំនុកចិត្តខ្ពស់ជូនសហគមន៍។

៣. បញ្ហាផ្សេងៗ៖ ការពិភាក្សាលើការលើកកម្ពស់បច្ចេកទេសថែទាំ ការប្រមូលផលឱ្យត្រូវតាមស្តង់ដារគុណភាព និងការត្រៀមលក្ខណៈសម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
គួររំលឹកផងដែរថា នៅក្នុងរដូវប្រមូលផលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន គីរីកាហ្វេ បានចុះទទួលទិញគ្រាប់កាហ្វេពីបងប្អូនកសិករជាជនជាតិដើមភាគតិច នៅក្នុងឃុំប៊ូស្រា សរុបជិត ៧០០ តោន ដែលគិតជាទំហំទឹកប្រាក់នៃការជួយជ្រោមជ្រែងសេដ្ឋកិច្ចសហគមន៍មានចំនួនរហូតដល់ជិត ៧០ម៉ឺនដុល្លារអាមេរិក។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ និងធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖

ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពី បណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ, ក្រុមហ៊ុន គីរីកាហ្វេ នឹងបន្តឈរជើងជាមួយបងប្អូន ដោយប្តេជ្ញាចិត្តបន្តទិញកាហ្វេពីបងប្អូនជនជាតិដើមភាគតិច ឱ្យអស់ពីលទ្ធភាព ក្នុងតម្លៃទីផ្សារ ដើម្បីឱ្យកាហ្វេមណ្ឌលគិរី អាចបន្តដំណើរទៅមុខប្រកបដោយមោទនភាព និងជួយលើកកម្ពស់ជីវភាពបងប្អូនកសិករយើង ឱ្យកាន់តែធូរធារ និងរឹងមាំ។

កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ យោគយល់ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ ដោយបងប្អូនតំណាងសហគមន៍ បានសម្តែងនូវក្តីត្រេកអរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគម ក៏ដូចជាក្រុមហ៊ុន គីរីកាហ្វេផងដែរ៕