ក្រសួងអធិការកិច្ច រៀបចំវេទិកាសាធារណៈនៅស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង
05-06-2026 16:07
(ស្ទឹងត្រែង)៖ ក្រសួងអធិការកិច្ច នៅថ្ងៃទី៥ ខេមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាសាធារណៈ នៅស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីលោកស្រី សេន សាណាស់ អនុរដ្ឋលេខាធិការ និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង។
ការរៀបចំវេទិកានេះ គឺមានសម្របសម្រួលដោយមន្ទីរអធិការកិច្ចខេត្ត ដើម្បីឆ្លើយតបនឹងទុក្ខលង្វល់ សំណូមពរ និងស្វែងរកដំណោះស្រាយទាក់ទងនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ប្រធាន អនុប្រធានមន្ទីរអង្កភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋប្រមាណជា១៨៧នាក់ បានចូលរួមក្នុងវេទិកានោះ។
លោក ចាន់ កុលបុត្រ បានលើកឡើងថា វេទិកាសាធារណៈរៀបចំឡើងដោយក្រសួងអធិការកិច្ចនាពេលនេះ មានគោលបំណងក្នុងការចុះពិនិត្យ តាមដានលើការងារផ្សេងៗ របស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ព្រមទាំងមន្ទីរពាក់ព័ន្ធ នៃការបម្រើសេវាសាធារណៈ បំពេញសេចក្តីខ្វះខាតជូនប្រជាពលរដ្ឋបានទាន់ពេលវេលាដែរឬទេ។ លោកបានឲ្យប្រជាពលរដ្ឋលើកឡើងអំពីចំណុចខ្វះខាតទាក់ទងវិស័យ អត្រានុកូលដ្ឋាន អគ្គិសនី ទឹកស្អាត ផ្លូវថ្នល់ និងបញ្ហាជាច្រើនទៀត ត្រូវលើកឡើងនាពេលនេះ ដើម្បីធ្វើការឆ្លើយបំភ្លឺ ដោយមន្ទីរពាក់ព័ន្ធ។
ក្រុមការងារបានទទួលសំណូមពរពីប្រជាពលរដ្ឋ សរុបចំនួន១៨ករណី ដោះស្រាយរួចនៅនឹងកន្លែងចំនួន១៦ករណី កំពុងដោះស្រាយចំនួន២ករណី ដែលតម្រូវឲ្យមន្ទីរអង្គភាពពាក់ព័ន្ធបន្តដោះស្រាយ និងមានមន្ទីរអធិការកិច្ចជាអ្នកតាមដាន។
ជាមួយគ្នានេះ លោកស្រី សេន សាណាស់ បានគូសបញ្ជាក់ថា វេទិកាសាធារណៈ ដែលមានការចូលរួមពីគ្រប់អង្គភាព ជាដំណើរការស្វែងរកតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៃការបម្រើសេវាសាធារណៈ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ អនុវត្តនូវគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព។
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានណែនាំដល់ប្រជាពលរដ្ឋត្រូវដកខ្លួនឲ្យឆ្ងាយពីការកាន់កាប់ ឬកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់។ លោកអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាមានសមត្ថកិច្ច ត្រូវរួមសហការគ្នា អនុវត្តនូវគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព និងត្រូវរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធឲ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសគឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងបង្កការគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពប្រជាពលរដ្ឋ៕






















