អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ

05-06-2026 16:36

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីដាំកូនឈើចម្រុះចំនួន៦០០ដើម នៅទីតាំងចំនួន៨ផ្សេងគ្នា ក្នុងភូមិសាស្រ្តភូមិក្រវ៉ាន់ សង្កាត់នគរធំ។ ការដាំកូនឈើនៅពេលនេះ ជាផ្នែកមួយនៃការស្តារគម្របព្រៃឈើឡើងវិញ ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ពិធីដាំកូនឈើនេះដែរ មានការចូលរួមពីលោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ និងលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប ដោយមានការចូលរួមពីមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានប្រមាណ ៧៥នាក់។

សូមជម្រាបថា កូនឈើដែលដាំក្នុងពិធីខាងលើរួមមាន ដើមយាង ឬឈើទាលចំនួន ១០០ដើម កូនឈើកកោះ ១០០ដើម កូនឈើគគីរ ចំនួន ១០០ដើម កូនឈើច្រេស ចំនួន ២០០ដើម និងកូនឈើរំដួល ចំនួន ១០០ដើម៕