ករណីសិស្សមួយក្រុមព្រួតវាយសិស្សម្នាក់ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ ត្រូវក្រសួងអប់រំ បានចាត់វិធានការ
05-06-2026 17:04
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា បានជូនដំណឹងថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ សិស្សមួយក្រុមបានព្រួតវាយទៅលើសិស្សម្នាក់ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្កឡើងដោយសិស្សចំនួន ៦នាក់។
ករណីនេះ ក្រសួងសម្រេច៖
*១. ចាត់វិធានការវិន័យដល់ក្រុមសិស្សបង្កហេតុ ដោយធ្វើការអប់រំ ណែនាំផ្ទាល់ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពហិង្សា ដោយមានការដឹងឮ និងចុះហត្ថលេខាពីឪពុកម្តាយ ឬអាណាព្យាបាលសិស្ស។ នាយកវិទ្យាល័យត្រូវវិធានការលើសិស្សបង្កហេតុទាំង ៦នាក់ ដោយកំណត់ឱ្យធ្វើពលកម្មសាលារៀន ឬ ការងារបម្រើផលប្រយោជន៍សាធារណៈក្នុងសាលាក្នុងរយៈពេល ១ខែ ដោយមិនទាន់គិតពីវិធានការ ផ្លូវច្បាប់ផ្សេងទៀត ដែលអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ករណីមិនរាងចាល ក្រសួងនឹងផ្អាកការសិក្សាបណ្តោះអាសន្នក្នុងរយៈពេល ១ ឬ ២សប្តាហ៍ ឬប្តូរថ្នាក់ ឬប្តូរសាលារៀនទៅសាលាផ្សេង។
*២. ក្រសួងស្នើដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាលសិស្សបង្កហេតុ និងអ្នកអាណាព្យាបាលសិស្សរងគ្រោះ បង្កើនការតាមដាន និងអប់រំកូនចៅបន្ថែមនៅផ្ទះ ទាំងផ្នែកអាកប្បកិរិយា ការសេពគប់មិត្តភក្តិ និងការប្រើ ប្រាស់បណ្តាញសង្គម ឱ្យបានជិតដិតជាងមុន និងត្រូវរាយការណ៍មកសាលាជាប្រចាំ៕









