ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានចុះថតអំពីឧបករណ៍ ដែលត្រូវដាក់តាំងបង្ហាញក្នុងកម្មវិធី TVET Day នៅ NPIC
05-06-2026 18:57
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំអ្នកសារព័ត៌មានចំនួន ១០នាក់ មកពី៥ស្ថាប័ន
ធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា NPIC ដើម្បីចុះថតអំពីឧបករណ៍ ដែលត្រូវដាក់តាំងបង្ហាញក្នុងកម្មវិធី TVET Day
នៅថ្ងៃទី១៥ -១៦ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ។
លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសលើកទី៩ ហើយនៅថ្ងៃនោះដែរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
វត្តមាននៃការចូលរួមរបស់សម្តេច គឺបង្ហាញពីការយកចិត្តដាក់យ៉ាងខ្លាំងលើជំនាញនៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាចំណុចមួយដ៏សំខាន់បំផុត សម្រាប់រុញច្រានសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើននៅខាងមុខបន្ថែមទៀត។
អ្នកនាំពាក្យរូបនេះបានបន្ដថា កម្ពុជាយើងនៅពេលបច្ចុប្បន្ននេះ មានសិស្សរបស់យើងអ្នកខ្លះ សិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ មិនទាន់បញ្ចប់ការសិក្សាផង ប៉ុន្តែមានសមត្ថភាពនៅក្នុងការសរសេរកូដ មានសមត្ថភាពនៅក្នុងការផលិតឧបករណ៍ផ្សេងៗជាដើម។ នេះគឺចង់បង្ហាញពីភាពត្រៀមខ្លួនរួចជាស្រេចរបស់វិស័យការងារនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ខ្លួន ដើម្បីបុគ្គលជូនទៅកាន់វិស័យឯកជន ដើម្បីប្រើប្រាស់ក្នុងការប្រកបរបរ ដើម្បីធ្វើម៉េចរុញច្រានសេដ្ឋកិច្ចកម្ពុជា គាំទ្រទៅដល់វិស័យឧស្សាហកម្ម គាំទ្រដោយរោងចក្រសហគ្រាស ដើម្បីឱ្យពួកគាត់មានសមត្ថភាព និងមានផលិតភាពកាន់តែខ្ពស់ផងដែរ៕
សូមទស្សនាវីដេអូទាំងស្រុងរបស់ លោក ស៊ុន មេសា ដូចខាងក្រោម៖










