រដ្ឋមន្ត្រីដឹកជញ្ជូនទីម័រខាងកើត៖ យើងត្រូវតែរៀនសូត្រពីកម្ពុជា ខាងបរិវត្តកម្មឌីជីថល (Video inside)
05-06-2026 19:09
(ឌីលី)៖ លោក Miguel Marques Gonçalves Manetelu រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) បានលើកឡើងថា ទីម័រខាងកើត ត្រូវតែរៀនសូត្រពីកម្ពុជា ខាងបរិវត្តកម្មឌីជីថល ដោយសារកម្ពុជា បានអនុវត្តជោគជ័យលើបរិវត្តកម្មឌីជីថល។
លោកលើកឡើងបែបនេះ ក្នុងឱកាសរួមជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញក្នុងពិធីសម្ពោធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រឡេស្តេ ដែលអភិវឌ្ឍដោយកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីឌីលី។
រដ្ឋមន្ត្រីដឹកជញ្ជូនទីម័រខាងកើត បានថ្លែងថា យើងត្រូវទទួលស្គាល់ថតភាពរបស់យើង។ យើងទើបតែចាប់ផ្តើមហេដ្ឋារចនាសម្ព័ន្ធ ដែលនេះជាមូលហេតុដែលយើងកំពុងត្រៀមខ្លួន មិនមែនសម្រាប់តែក្រសួងរបស់យើង ប៉ុន្តែក៏សម្រាប់ក្រសួងដទៃទៀត។ បើសិនពួកគេរៀបចំខ្លួនបានរួចរាល់ យើងនឹងណែនាំថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ទៅពួកគេ។
លោកបានបញ្ជាក់ថា «ស្អែកខ្ញុំនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រី ជា វ៉ាន់ដេត។ យើងព្យាយាមស្វែងរកការអភិវឌ្ឍវិស័យផ្សេងទៀត ដូចជាសន្តិសុខបច្ចេកវិទ្យា បរិវត្តកម្មឌីជីថល ពីព្រោះខ្ញុំឃើញថា កម្ពុជាបានជោគជ័យលើបរិវត្តកម្មឌីជីថល។ ជាការណ៍ពិត យើងត្រូវរៀនពីកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន»៕













