អភិបាលស្រុកតាំងគោក ដឹកនាំជំនាញចុះពិនិត្យស្ថានភាពទឹកលិចស្រូវពលរដ្ឋនៅឃុំពង្រ និងឃុំសូយោង និងរិះរកវិធីជួយរំដោះទឹកឱ្យបានទាន់ពេលវេលា
05-06-2026 19:31
(កំពង់ធំ)៖ ស្រុកតាំងគោកនៃខេត្តកំពង់ធំ ទទួលរងទឹកភ្លៀងធ្លាក់ផ្ទួនៗ ធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋនៅឃុំពង្រ និងឃុំសូយោង រងការគំរាមកំហែងលិចលង់, ក្រោយទទួលបានព័ត៌មានលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ហាក់មិននៅស្ងៀមឡេីយ នាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះពិនិត្យស្ថានភាពទឹកលិចនេះភ្លាមៗ ដើម្បីរិះរកវិធីជួយរំដោះទឹកចេញពីស្រែពលរដ្ឋឱ្យបានទាន់ពេលវេលា ជៀសវាងខូចខាតស្រូវរបស់ពលរដ្ឋ។
បន្ទាប់ពីចុះពិនិត្យស្ថានភាពផ្ទាល់ហើយនោះលោក ហាក់ ម៉ុងហួត បានណែនាំមេឃុំទាំង២ បន្តតាមដានជាប់ជាប្រចាំ និងរាយការណ៍ពីស្ថានភាពទឹក ដើម្បីធ្វើការអន្តរាគមន៍ជៀសវាងការខូចខាតស្រូវប្រជាពលរដ្ឋ ដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម។
បន្ថែមពីនេះលោក ហាក់ ម៉ុងហួត ក៏បានណែនាំឱ្យមេឃុំពង្រ និងឃុំសូយោង សហការណ៍ជាមួយសហគមន៍ រកមើលទីតាំងដែលអាចរំដោះទឹកនេះបាន ជួយរំដោះទឹកនេះឱ្យបានទាន់ពេលវេលា ជៀសវាងបន្តឱ្យទឹកនេះនៅលិចស្រូវរយៈពេលយូរ នាំឱ្យមានការខូចខាត។ ក្នុងនោះលោកក៏បានណែនាំអាជ្ញាធរ ភូមិ ឃុំ បន្តប្រុងប្រយ័ត្នជានិច្ចដើម្បីចាំជួយអន្តរាគមន៍សង្រ្គោះស្រូវគ្រប់ពេលវេលា ពីទឹកភ្លៀងលិចស្រូវពលរដ្ឋនេះផងដែរ៕



























