ក្រុមការងារពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក នៃក្រសួងសុខាភិបាល បន្តចុះបំពេញបេសកកម្មនៅខេត្តតាកែវ ដើម្បីជំរុញការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់

05-06-2026 20:45

(តាកែវ)៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦ នៅក្នុងខេត្តតាកែវ។

មន្ទីរពេទ្យបង្អែកស្រុកទាំងនោះរួមមាន មន្ទីរពេទ្យបង្អែក បាទី, ព្រៃកប្បាស, កោះអណ្ដែត, គិរីវង់, អង្គរបូរី និងអង្គរការ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសបំពេញបេសកកម្មនេះ លោកបណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលខិតខំប្រឹងប្រែង លះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិនត្រូវរើសអើងអ្នកជំងឺណាម្នាក់ ជាពិសេសអ្នកជំងឺក្រីក្រ អ្នកជំងឺមានបណ្ណមូលនិធិសមធម៌ ងាយរងគ្រោះ ងាយហានិភ័យ ជនមានពិការភាព និងអ្នកជំងឺ ប.ស.ស. ។ល។

លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យសុខាភិបាលបច្ចុប្បន្នមានការរីកចម្រើនជាទីមោទនៈ។ ជាពិសេស ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ រាជរដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់អភិវឌ្ឍមន្ទីរពេទ្យចំនួន ៦១ កម្រិត១ និងកម្រិត២ ឱ្យមានសមត្ថភាពផ្នែកវះកាត់ សង្គ្រោះបន្ទាន់ សង្គ្រោះទារក និងថែទាំអ្នកជំងឺធ្ងន់ធ្ងរ បង្ខិតសេវាសុខាភិបាលឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការបញ្ជូនទៅមន្ទីរពេទ្យថ្នាក់ជាតិ កាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ ហើយនិងកាត់បន្ថយភាពក្រីក្រ៕