មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បន្ដយកចិត្តទុកដាក់អំពីសុខទុក្ខ និងការហូបចុករបស់កងកម្លាំងដែលឈរជើងការពារនៅសមរភូមិមុខ

05-06-2026 20:58

(ភ្នំពេញ)៖ ​ទោះបីជាស្ថិតក្នុងកាលៈទេសៈណា ឬមានភារកិច្ចមមាញឹកយ៉ាងណាក៏ដោយ ក៏សុខទុក្ខ ការហូបចុក និងការរស់នៅរបស់កងទ័ពនៅសមរភូមិមុខ គឺជាអាទិភាពចម្បងបំផុត នៅក្នុងចិត្តរបស់លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩។

ស្តែងចេញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងទឹកចិត្តយល់ដឹងពីការលំបាករបស់យុទ្ធជនជួរមុខ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានចាត់តាំងលោកវរសេនីយ៍ឯក គ្រី ចំរើន នាយការិយាល័យ ភស្តុភារ-ហិរញ្គវត្ថុ និងលោកវរសេនីយ៍ឯក អ៊ុយ ណារីន នាយរងសេនាធិការ ដឹកនាំក្រុមការងារកងពល ចុះបំពេញបេសកកម្មយ៉ាងសកម្មតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង។

​នៅក្នុងឱកាសនោះ ក្រុមការងារបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ ព្រមទាំងបានប្រគល់ជូននូវអំណោយឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ គ្រឿងឧបភោគ បរិភោគ និងស្បៀងអាហារបន្លែបង្ការស្រស់ៗជាច្រើន និងថវិកាមួយចំនួន ដល់ដៃយុទ្ធជនគ្រប់ៗគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងមនោសញ្ចេតនាជាលក្ខណៈគ្រួសារកងទ័ព។ មិនត្រឹមតែគិតគូរ ដល់កូនចៅក្រោមឱវាទផ្ទាល់របស់កងពលប៉ុណ្ណោះទេ ប៉ុន្តែលោកមេបញ្ជាការ បានចាត់តាំងក្រុមកាងារបែងចែកអំណោយសប្បុរសធម៌មួយចំនួន ជូនដល់កងទ័ពជាមិត្តតាមបណ្តាអង្គភាពដែលកងពលយើងឈរជើង។

បន្ថែមពីលើនេះទៀត លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានចាត់ឲ្យក្រុមការងារនាំយក គ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កងពលតូចថ្មើរជើងលេខ២១ ក្នុងនោះរួមមាន៖ ១៖ បារី ចំនួន១០ប៊ិច, ២៖ ទឹកសុទ្ធ ប្រូវីដា ចំនួន១០០កេស, ៣៖ សាច់ជ្រូកប្រឡាក់ ចំនួន១៥០គីឡូក្រាម, ៤៖ ផ្អក ចំនួន៥០គីឡូក្រាម, ៥៖ ប្រហុក ចំនួន២៥គីឡូក្រាម, ៦៖ សាច់មាន ចំនួន​១០គីឡូក្រាម, ៧៖ គ្រឿងសមុទ្រស្រស់ ចំនួន១០គីឡូក្រាម, ៨៖ ប៊ីចេង ចំនួន១កេស, ៩៖ ខ្ទឹមស ចំនួន២០គីឡូក្រាម និង១០៖ ទឹកប៉ូវកម្លាំងយិនសិន ចំនួន៦០កញ្ចប់។ ជាមួយគ្នានោះ ក៏បានផ្តល់បារី ចំនួន៥ប៊ិច និងទឹកសុទ្ធចំនួន៦កេស ជូនដល់កងពលតូចថ្មើរជើងលេខ៤២ ផងដែរ។

កាយវិការ និងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន គឺជាសក្ខីភាពដ៏រស់រវើក ឆ្លុះបញ្ចាំងពីស្មារតី «រួមសុខរួមទុក្ខ» មិនប្រកាន់កងឯកភាព និងការរួមសាមគ្គីគ្នាយ៉ាងរឹងមាំរវាងកងទ័ពជួរមុខ និងជួរក្រោយ៕