អភិបាលស្រុកស្ទោង៖ គម្រោងផ្នែកសេវាសង្គម និងបរិស្ថានរបស់មូលនិធិឃុំ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់ពលរដ្ឋក្នុងមូលដ្ឋាន
05-06-2026 22:00
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា គម្រោងផ្នែកសេវាសង្គម និងបរិស្ថានរបស់មូលនិធិឃុំ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់ពលរដ្ឋក្នុងមូលដ្ឋាន។ លោក សាយ គឹមឡម បានថ្លែងក្នុងពេលចុះសួរសុខទុក្ខ និងចែកស្បៀងសង្គ្រោះជូនពលរដ្ឋងាយរងហានិភ័យ ប្រមាណ៤០គ្រួសារ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។
លោកបានបន្ថែមថា ជាមួយនឹងគម្រោងថវិកាមូនិធិឃុំ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងឃុំ គម្រោងផ្នែកសេវាសង្គម និងបរិស្ថាននេះ កាន់តែមានអាទិភាពបំផុតមួយ សម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ជាពិសេសជួយសម្រួបដល់ពលរដ្ឋងាយរងហានិភ័យ ថែមទាំងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី ៧នេះថែមទៀត។
លោកបានរំលឹកដល់អាជ្ញាធរភូមិ ឃុំ ត្រូវតាមដានដល់សុខទុក្ខពលរដ្ឋបានជាប់ជាប្រចាំ ជាមន្ត្រីសកម្ម ដែលនៅរួមរស់រួមសុខទុក្ខ និងយល់ពីបញ្ហា ព្រមទាំងតម្រូវការជាអាទិភាព ជាពិសេសអ្នកងាយរងហានិភ័យប្រកប ដោយភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋគ្រប់ស្ថានភាព ទាំងការផ្ដល់សេវាប្រកបដោយគុណភាពប្រសិទ្ធភាព ឆាប់រហ័សនិងជួយសង្គ្រោះពេលដែលពលរដ្ឋមានបញ្ហា ឬឧបទ្ទវហេតុផ្សេងៗ ព្រមទាំងធ្វើរបាយការណ៍បានជាប់ជាប្រចាំ មិនមែនជាមន្ត្រីដែលជើង១០នោះឡើយ។
សូមបញ្ជាក់ថា ពលរដ្ឋងាយរងហានិភ័យដែលទទួលបានអំណោយនៅពេលនេះ មានចំនួន៤០គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបាននូវអង្ករ ១បេ ត្រីខ១យួរ ទឹកត្រី១យួរ ប៊ីចេង១ថង់ និងមុង១ផងដែរ ដែលជាគម្រោងមូលនិធិឃុំរុងរឿង ឆ្នាំ២០២៦៕
























