សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាំយកថវិការបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនគ្រួសារសពវីរៈកងទ័ព សុខ ព្រី ដែលជួបគ្រោះថ្នាក់នៅសមរភូមិ

05-06-2026 22:18

(មណ្ឌលគិរី)៖ អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងសហការី នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បាននាំយកសម្ភារៈ និងថវិកាចំនួន១០លានរៀល របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនគ្រួសារសពលោកពលបាលឯក សុខ ព្រី ដែលបានមរណភាព ក្នុងការបំពេញបេសកកម្មដឹកស្បៀងជូនកងទ័ពនៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៤ ខែមិថុនា។ ពិធីបុណ្យសពស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ បាននាំនូវប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសាកសួរសុខទុក្ខពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរៈកងទ័ព ថែមទាំងអរគុណដល់សមាជិកក្រុមគ្រួសារវីរកងទ័ព ដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយទ្រទ្រង់គ្រួសារ និងធ្លាប់បានផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ព ឲ្យចូលរួមការពារបូរណភាពដែនដី។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ បាននាំយកមកជាមួយនូវអំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានដូចជា អង្គរ១០០គីឡូក្រាម មីជាតិ៦កេស ត្រីខ២កេស ទឹកផ្លែឈើ២កេស ទឹកបរិសុទ្ធ២កេស ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ និងថវិកាចំនួន១០លានរៀល ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរបស់គ្រួសារសព៕