មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញមន្ទីរព័ត៌មានខេត្តកំពង់ធំ បង្កើត និងពង្រឹងបណ្ដាញនៅតាមភូមិ ឃុំ ស្រុក ដើម្បីឆ្លើយតបការផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័ស ពិតត្រឹមត្រូវ និងទាន់ពេលវេលា
05-06-2026 22:20
(កំពង់ធំ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញមន្ទីរព័ត៌មានខេត្តកំពង់ធំ បង្កើត និងពង្រឹងបណ្ដាញនៅតាមភូមិ ឃុំ ស្រុក ដើម្បីឆ្លើយតបការផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័ស ពិតត្រឹមត្រូវ និងទាន់ពេលវេលា។ លោក ទេព អស្នារិទ្ធ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក អុីវ ផល្លី អនុរដ្ឋលេខាក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រតិភូក្រសួង និងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តជាច្រើនរូបផងដែរ។
លោក ទេព អស្នារិទ្ធ បានកោតសសើរដល់មន្ត្រីមន្ទីរព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើព័ត៌មានបានរហ័ស និងទាន់ពេលវេលា។ លោកជំរុញឲ្យមន្ទីរបង្កើតមាតិកាអប់រំ ផ្សព្វផ្សាយខ្លីៗឲ្យបានច្រើន ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋានបានយល់ ពិសេសមានវីដេអូ និងជាសារផ្សេងៗ ដូចជារឿងអសន្តិសុខទាក់ទងទៅនឹងការឆបោកតាមស្គេមអនឡាញ (Online Scams) រឿងអសន្តិសុខក្មេងទំនើងនៅក្នុងសហគមន៍ ដែលបង្កធ្វើឲ្យរូបភាពអសណ្ដាប់ធ្នាប់នៅក្នុងសង្គម។
លោកបន្ថែមថា តាមរយៈការកែប្រែទម្រង់ នៃការផលិតមាតិកាព័ត៌មានពិត អាចជ្រាបចូលទៅដល់ស្រទាប់យុវជនបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ដែលជាខែលការពារដ៏រឹងមាំ ក្នុងការទប់ស្កាត់ការរីករាលដាល នៃព័ត៌មានមិនពិត នៅក្នុងសហគមន៍ ពិសេសរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសន្តិសុខ និងសុវត្ថិភាពព័ត៌មានសម្រាប់ទាំងអស់គ្នា។
លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មាន ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពបន្ថែមលើការងារបច្ចេកទេស ដើម្បីឆ្លើយតបទៅតាមសម័យបច្ចេកវិទ្យាទំនើប និងមានការយកចិត្តទុកដាក់ ការអាន ស្តាប់ នូវចំណេះដឹងថ្មីៗ៕























