បណ្ឌិត សម តារា ជំរុញយុវជនកសាងសមត្ថភាព និងបង្កើតទម្លាប់ល្អ ដើម្បីក្លាយជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យនៅថ្ងៃអនាគត
05-06-2026 22:30
(ស្វាយរៀង)៖ លោក បណ្ឌិតសម តារា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងថា អ្វីដែលមានតម្លៃធំធេងបំផុត ក្នុងជីវិតជាយុវជននោះ គឺពេលវេលា ដែលជាដើមទុនយុវជនត្រូវចេះវិនិយោគទុននេះ ដើម្បីអនាគតរបស់ខ្លួន។ អនាគត គឺជាផលនៃអ្វីដែលយុវជនធ្វើនៅថ្ងៃនេះ រាល់ការខិតខំប្រឹងប្រែង រាល់មេរៀន និងរាល់ទម្លាប់ល្អដែលយុវជនកសាងនៅពេលបច្ចុប្បន្ន នឹងក្លាយជាមូលដ្ឋានគ្រឹះ នៃភាពជោគជ័យ។
ការថ្លែងបែបនេះរបស់លោកបណ្ឌិត សម តារា បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល តម្រង់ទិសការសិក្សា លើកទឹកចិត្តការចូលរួមអនុវត្តច្បាប់កាតព្វកិច្ចយោធា និងចូលរួមក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ ជូនដល់សិស្សានុសិស្ស និងលោកគ្រូ ចំនួន២២នាក់ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា ស្ថិតក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។
លោកបណ្ឌិត សម តារា បានរំលេចការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងការដឹកនាំកសាងប្រទេសជាតិ ឲ្យមានរីកចម្រើនលើគ្រប់វិស័យ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា វិស័យដែលនាំទៅរកកំណើន និងភាពរឹងមាំរយៈពេលវែងរបស់កម្ពុជានាអនាគត ពិតជាត្រូវការចំណែករបស់យុវជនទាំងអស់គ្នា ត្រូវកសាងខ្លួនឲ្យមានចំណេះដឹង ជំនាញ គុណធម៌ វិន័យ និងសមត្ថភាពសម្របខ្លួនខ្ពស់ ទៅតាមទិសដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន និងតម្រូវការនៃសេដ្ឋកិច្ចសម័យថ្មី។ ចំណេះដឹង ជំនាញ គុណធម៌ និងវិន័យដែលកូនៗ ជាយុវជនបានប្រឹងដុសខាត់ពង្រឹងគុណភាព នឹងជួយបង្កើនផលិតភាព ពង្រឹងសាមគ្គីភាពសង្គម ការលើកកម្ពស់ឯកភាពជាតិ និងពង្រឹងស្មារតីស្នេហាជាតិ ដែលនេះជាកត្តាចាំបាច់ សម្រាប់ការចូលរួមជួយប្រទេសជាតិរបស់យុវជនឲ្យមានភាពរីកចម្រើន ជឿនលឿន និងរឹងមាំជារៀងរហូត។
លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយអភិវឌ្ឍន៍ប្រទេស ប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងកំពុងដឹកនាំប្រទេសយ៉ាងល្អ ត្រឹមត្រូវ នេះជាសំណាងរបស់យុវជនគ្រប់ៗគ្នា ដែលកំពុងធំធាត់ក្នុងរជ្ជកាលនេះ។ អ្វីដែលត្រូវធ្វើចាំបាច់បំផុតនៅពេលនេះ ក្នុងនាមជាយុវជនរបស់ជាតិមួយនេះ គឺត្រូវពង្រឹងគុណភាពមនុស្ស ចរិតលក្ខណៈផ្ទាល់ខ្លួន គោរពច្បាប់ គាំទ្រស្មារតីសម្រេចចិត្ត និងការដឹកនាំរបស់រាជរដ្ឋាភិបាល និងមានចក្ខុវិស័យជាយុវជនរបស់ជាតិប្រកបដោយភាពធន់។ នេះជាឱកាស ជាពេលវេលាដ៏មានតម្លៃរបស់កូនៗ ត្រូវចេះប្រើប្រាស់វាជាប្រយោជន៍នាពេលអនាគត។
ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សត្រូវចៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរឲ្យបានខ្ជាប់ខ្ជួន និងគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងចូលរួមផ្ទៀងផ្ទាត់អាយុចុះឈ្មោះបោះឆ្នាតផងដែរ។ សូមបញ្ជាក់ថា លោកបណ្ឌិត បានឧបត្ថម្ភថវិកាជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុបការចំណាយទាំងអស់មានចំនួន ១,៤៥០,០០០រៀល៕


























