វេជ្ជបណ្ឌិត គួង ឡូ លើកឡើងពីសារៈសំខាន់នៃការទប់ស្កាត់ «ភាពយឺតយ៉ាវទាំងបី» ដែលជាកត្តាប្រឈមធំមួយនាំឲ្យកើតមានមរណភាពមាតា និងទារក
05-06-2026 22:32
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងពីសារៈសំខាន់ នៃការទប់ស្កាត់ «ភាពយឺតយ៉ាវទាំងបី» ដែលជាកត្តាប្រឈមធំមួយនាំឲ្យកើតមានមរណភាពមាតា និងទារក។
ការថ្លែងលើកឡើងរបស់លោក គួង ឡូ ក្នុងឱកាសអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី ការអង្កេតមរណៈភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ (UNICEF) ដោយមានមន្ត្រីសុខាភិបាលចូលរួមយ៉ាងច្រើនកុះករ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។
លោកវេជ្ជបណ្ឌិត គួង ឡូ ថ្លែងបញ្ជាក់ថា ភាពយឺតយ៉ាវទាំងបី ដែលជាកត្តាប្រឈមធំមួយនាំឲ្យកើតមានមរណភាពមាតា និងទារក រួមមាន៖ ការយឺតយ៉ាវក្នុងការសម្រេចចិត្តស្វែងរកសេវាថែទាំសុខភាព, ការយឺតយ៉ាវក្នុងការបញ្ជូនស្ត្រីមានផ្ទៃពោះ ឬស្ត្រីសម្រាលកូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ និងការយឺតយ៉ាវក្នុងការធ្វើអន្តរាគមន៍ ឬការបញ្ជូនបន្តទៅកាន់មូលដ្ឋានសុខាភិបាល ដែលមានសមត្ថភាពខ្ពស់ជាង។
លោក គួង ឡូ បានបន្ថែមទៀតថា គណៈកម្មការអង្កេតមរណៈភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) មានតួនាទីសំខាន់ក្នុងការស្វែងរកមូលហេតុនៃការស្លាប់ និងដាក់ចេញវិធានការឆ្លើយតបឲ្យបានទាន់ពេលវេលា ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យ ដែលអាចកើតឡើងម្ដងទៀត។ លោកគូសបញ្ជាក់ថា «យើងត្រូវធ្វើការអន្តរាគមន៍ឲ្យបានលឿន និងមានប្រសិទ្ធភាព ដើម្បីកុំឲ្យមានមាតា និងទារកស្លាប់ដោយសារមូលហេតុដដែលៗ នៅក្នុងអង្គភាពរបស់យើង»។
លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជំរុញឲ្យសិក្ខាកាមទាំងអស់យកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែងនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាថែទាំសុខភាពមាតា និងទារក និងកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកជុំវិញកំណើតឲ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក គួង ឡូ បានណែនាំឆ្មប និងមន្ត្រីសុខាភិបាលគ្រប់រូប ត្រូវពង្រឹងការតាមដានក្រោយការបញ្ជូនអ្នកជំងឺ ដើម្បីធានាថា ស្ត្រីមានផ្ទៃពោះ ឬស្ត្រីសម្រាលកូន បានទៅដល់កន្លែងព្យាបាលគោលដៅ និងទទួលបានការអន្តរាគមន៍បន្តទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ត្រូវរៀបចំឲ្យមានឆ្មបយ៉ាងតិចពីររូបក្នុងពេលសម្រាលកូន ដើម្បីជួយគ្នាដោះស្រាយបញ្ហាផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
លោកវេបណ្ឌិត គួង ឡូ បានក្រើនរំលឹកដល់មន្ត្រីសុខាភិបាលទាំងអស់ ឲ្យបន្តពង្រឹងឥរិយាបថអ្នកផ្តល់សេវា ដោយមានភាពអត់ធ្មត់ ស្និទ្ធស្នាល និងយកចិត្តទុកដាក់ចំពោះអតិថិជន ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈការងារ ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល។ លោករំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលក្នុងការអង្កេត វិភាគ និងឆ្លើយតបចំពោះករណីមរណៈភាពមាតា និងទារកជុំវិញកំណើត សំដៅកាត់បន្ថយអត្រាមរណភាព និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពមាតា និងទារកនៅក្នុងខេត្តព្រះវិហារ៕















