មហាជនគាំទ្រចំពោះចំណាត់ការក្តៅរបស់សមត្ថកិច្ចចោមចៅទី២ លើក្រុមក្មេងទំនើងដែលអុកឡុកសង្គម និងបង្កហិង្សា

05-06-2026 22:48

(ភ្នំពេញ)៖ វិធានការម៉ឺងមាត់លើក្រុមក្មេងទំនើងប្រដាប់ដោយពូថៅកែច្នៃ ដេញវាយគ្នាយ៉ាងព្រហើននៅខណ្ឌពោធិ៍សែនជ័យ បានធ្វើឲ្យផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជុំវិញចំណាត់ការវាយប្រដៅភ្លាមៗ របស់សមត្ថកិច្ច។ ខណៈដែលអ្នកច្បាប់មួយចំនួនតូចលើកឡើងពីនីតិវិធី ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ ដែលកំពុងរស់ក្នុងភាពភ័យខ្លាច បានបន្លឺសំឡេងស្រែកស្របគ្នាថា បើឪពុកម្តាយមិនប្រដៅ មានតែសមត្ថកិច្ចទេ ទើបពួកវាស្គាល់ពាក្យថារាងចាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង០០៖២០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈ លឹម ឡុង ជិតក្លឹបកម្សាន្ត Xzoom តាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងការប៉ះទង្គិចគ្នានោះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណគូជម្លោះទាំងសងខាង ដែលមានមនុស្សសរុបចំនួន៧នាក់ ដោយបែងចែកជាពីរភាគី៖ភាគី (ក) មានគ្នា៦នាក់ (ប្រុស៥ ស្រី១) រួមមាន៖ ១៖ ឈ្មោះ ប៊ុត សុខចាន់ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ, ២៖ ឈ្មោះ អ៊ែល សំអឿន អាយុ២៧ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនអីវ៉ាន់, ៣៖ ឈ្មោះ រិទ្ធ សម្បត្តិ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ (រកឃើញថាជាម្ចាស់អាវុធកែច្នៃ), ៤៖ ឈ្មោះ សេង គុយ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ, ៥៖ ឈ្មោះ ឡុច ស្រីនីត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ចំណែកភាគី (ខ) មានតែម្នាក់ឯងប៉ុណ្ណោះ គឺឈ្មោះ រុន រដ្ឋា អាយុ២៤ឆ្នាំ។

នៅក្នុងប្រតិបត្តិការអន្តរាគមន៍ភ្លាមៗ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងគ្រោះថ្នាក់មួយចំនួនពីភាគី (ក) រួមមានពូថៅកែច្នៃផ្លែដែកដងឈើ ចំនួន១ដើម ដែលជារបស់ឈ្មោះ រិទ្ធ សម្បត្តិ និងមួកសុវត្ថិភាពចំនួន១ ដែលត្រូវបានប្រើប្រាស់ជាឧបករណ៍ក្នុងការវាយតប់ជារបស់ឈ្មោះ សេង គុយ។ អ្វីដែលជាចំណុចរសើប និងកំពុងរងការរិះគន់ផង និងគាំទ្រផងពីសំណាក់មហាជននោះ គឺនៅពេលកើតហេតុ និងឈានដល់ការឃាត់ខ្លួន មានសេចក្តីរាយការណ៍ថា មន្ត្រីសមត្ថកិច្ចបានប្រើប្រាស់វិធានការក្តៅ ដោយមានការវាយទៅលើក្រុមក្មេងទំនើងទាំងនោះ រហូតធ្វើឲ្យមានការបែកចែកមតិជាពីរផ្សេងគ្នា។

មតិសាធារណជនភាគច្រើន បានសម្តែងការសាទរ និងលើកទឹកចិត្តយ៉ាងពេញទំហឹងចំពោះចំណាត់ការតឹងរ៉ឹងរបស់សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២។ ប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិក្នុងន័យធុញទ្រាន់ និងស្អប់ខ្ពើមក្រុមក្មេងទំនើងទាំងនេះយ៉ាងខ្លាំង ដោយសារតែពួកគេតែងតែបង្កអសន្តិសុខសង្គម ធ្វើឲ្យអ្នកដទៃភ័យខ្លាច និងមិនក្រឡេកមើលទុក្ខធុរៈរបស់ឪពុកម្តាយឡើយ។

មហាជនបានលើកឡើងថា «បើឪពុកម្តាយមិនប្រដៅទេ មានតែសមត្ថកិច្ចហ្នឹងហើយជួយប្រដៅជំនួស កុំឱ្យពួកវាដើរខាំគេឯងពេញផ្លូវ។ រាល់ថ្ងៃក្មេងទំនើងកើតដូចផ្សិត បើច្បាប់ទន់ភ្លន់ ពួកវាមិនរាងចាលទេ»។ លើសពីនេះ ក៏មានការរិះគន់ចំៗទៅលើសីលធម៌ស្ត្រី ក្រោយឃើញមានយុវតីសាក់ពេញខ្លួន (សម្ដៅលើភាគីខាងស្រីក្នុងក្រុម) ដើរចូលរួមក្នុងក្រុមក្មេងទំនើងវាយតប់គ្នាកណ្តាលយប់អាធ្រាត្របែបនេះ។

ផ្ទុយទៅវិញ បែរជាមានមតិមួយផ្នែកតូច ដែលភាគច្រើនជាអ្នកច្បាប់ និងអ្នកតាមដានសិទ្ធិមនុស្ស បានបង្ហាញការព្រួយបារម្ភ។ ពួកគេបានលើកឡើងថា ទោះបីជាក្រុមក្មេងទំនើងបង្កកំហុសឆ្គង ឬគួរឲ្យស្អប់ខ្ពើមយ៉ាងណាក៏ដោយ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ គឺត្រូវតែគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងនីតិវិធីច្បាប់ជាធរមាន។

ទោះជាមានការវែកញែកខុសត្រូវយ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ កំពុងតែបន្តការស្រាវជ្រាវ និងផ្ទៀងផ្ទាត់អត្តសញ្ញាណជនសង្ស័យ ដែលពាក់ព័ន្ធទាំងអស់យ៉ាងយកចិត្តទុកដាក់ ដើម្បីកសាងសំណុំរឿងជាផ្លូវការ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។

ករណីនេះបានក្លាយជាមេរៀន និងជាសារដាស់តឿនមួយទៅដល់ស្រទាប់យុវវ័យ ក៏ដូចជាអាណាព្យាបាលទាំងអស់ ឲ្យបង្កើនការអប់រំ និងតាមដានរាល់សកម្មភាពកូនចៅរបស់ខ្លួន កុំឲ្យដើរក្នុងផ្លូវខុស ព្រោះការសប្បាយមួយគ្រា និងការប្រើប្រាស់ហិង្សាអាណាធិបតេយ្យ នឹងត្រូវបញ្ចប់ទៅវិញដោយការដេកស្រក់ទឹកភ្នែកនៅក្នុងគុកច្រវាក់ជាមិនខាន៕