កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមអង្គការចាត់តាំងរៀបគម្រោងចាប់ជំរិត និងជាមុខសញ្ញាហាមឃាត់ចូលប្រទេសកម្ពុជា នៅខណ្ឌកំបូល, ចាប់ខ្លួនជនជាតិចិន៤នាក់ និងអាវុធខ្លី១ដើម
05-06-2026 23:12
(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមអង្គការចាត់តាំងរៀបចំគម្រោងចាប់ជំរិត និងជាមុខសញ្ញាហាមឃាត់ចូលប្រទេសកម្ពុជា នៅចំណុចផ្ទះលេខ MH១១០ ផ្លូវលេខ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌកំបូល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ហាក់ សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យរដ្ឋបាលនៅទីតាំង ផ្ទះលេខ MH១១០ ផ្លូវលេខ ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាលទ្ធផល ក្រុមការងារចម្រុះបានរកឃើញជនបរទេស សរុបចំនួន៤នាក់ ជនជាតិចិន (ជនសង្ស័យម្នាក់ជាមុខ សញ្ញាហាមឃាត់ចូលប្រទេសកម្ពុជា) និងចាប់យកវត្ថុតាង អាវុធខ្លី ម៉ាក ZORAKI 906 TD ចំនួន១ដើម (បង់មួយ) និងគ្រាប់ចំនួន៦គ្រាប់ខ្នោះដៃចំនួន៣គូ។ លុះដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជូនជនសង្ស័យចំនួន៤នាក់ ជនជាតិចិន មកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្ត ពាក់ព័ន្ធបទល្មើសខាងលើ។
ជនសង្ស័យទី១៖ ឈ្មោះ WENG SHENG FENG អាយុ៤៣ឆ្នាំ ជនជាតិចិន (លិខិតឆ្លងដែនលេខ EP8477264 មានត្រាហាមចូលប្រទេសកម្ពុជា) ជាមុខសញ្ញាចាស់ជាប់ពន្ធនាគាររយៈពេល១៥ខែ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីបទបង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ប្រើប្រាស់អាវុធខ្លីវាយជនរងគ្រោះរបួសធ្ងន់ និងជំរិតទារប្រាក់) ក្រោយពេលអនុវត្តទោស១៥ខែ ជនសង្ស័យត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា លុះដល់អំឡុងដើមខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យខាងលើបានលួចឆ្លងដែនតាមប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង (ចំណាយអស់១,២០០ដុល្លារអាមេរិក) រួចមកស្នាក់នៅទីតាំងខាងលើ ចំពោះអាវុធខ្លី និងវត្ថុតាងប្រព្រឹត្តបទល្មើសផ្សេងទៀតខ្លួន ពុំដឹងថាជារបស់អ្នកណាឡើយ។
ទី២៖ឈ្មោះ LIAO QUAN WEI អាយុ៤១ឆ្នាំ ជនជាតិចិន (អ្នកស្នាក់នៅមានលិខិតឆ្លងដែន មិត្តភក្ត្រ័របស់ឈ្មោះ WENG SHENG FENG), ទី៣៖ ឈ្មោះ SONG SHUAI អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលរថយន្ត (អ្នកស្នាក់នៅ មានលិខិតឆ្លងដែន) និង៤៖ ឈ្មោះ SHEN WEI JIAN ជនជាតិចិន មុខរបរម្ចាស់យានដ្ឋានជួសជុលរថយន្ត (អ្នកជួលផ្ទះឲ្យឈ្មោះ SONG SHUAI មានលិខិតឆ្លងដែន)។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្រុមនេះរៀបចំគម្រោងចាប់ជំរិត ប្រសិនបើកម្លាំងសមត្ថកិច្ចបង្ក្រាបមិនបានទាន់ពេលវេលាទេនោះ ច្បាស់នឹងបង្កបញ្ហាធ្ងន់ធ្ងរ។ បច្ចុប្បន្នការិយាល័យជំនាញ កំពុងសាកសួរតាមនីតិវិធី៕








