អ៊ីរ៉ង់ច្រានចោលលទ្ធភាពនៃជំនួបរវាងមេដឹកនាំកំពូលរបស់ខ្លួន និងលោក ដូណាល់ ត្រាំ (Video inside)

05-06-2026 23:19

(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araghchi) បានទាត់ចោលលទ្ធភាពនៃការរៀបចំជំនួបរវាងមេដឹកនាំកំពូលរបស់ប្រទេសខ្លួន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ការបដិសេធនេះធ្វើឡើងបន្ទាប់ពី លោក ត្រាំ បានប្រាប់សារព័ត៌មាន New York Post ថា លោកចង់ជួបមេដឹកនាំកំពូលអ៊ីរ៉ង់នៅពេលណាមួយ។ ជាការឆ្លើយតប លោក អារ៉ាក់ជី បានប្រាប់ទូរទស្សន៍ Al Mayadeen ថា គំនិតនេះគឺជារឿងមិនប្រាកដប្រជា ដោយលោកសង្កត់ធ្ងន់ថា «យើងគួរតែមានភាពប្រាកដនិយម ហើយគិត និងរស់នៅក្នុងពិភពពិតជាក់ស្តែង»។

គួររំលឹកថា លោក អាយ៉ាតូឡា ម៉ូចតាបា ខាមេណៃ (Ayatollah Mojtaba Khamenei) ត្រូវបានតែងតាំងជាមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីកាលពីខែមីនា ជំនួសឱពុករបស់លោកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ លោក អារ៉ាក់ជី បានបញ្ជាក់ថា អវត្តមានជាសាធារណៈរបស់មេដឹកនាំថ្មីនេះ គឺដើម្បី «សុវត្ថិភាព» តែប៉ុណ្ណោះ ខណៈដែលកិច្ចចរចាសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ នៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងជាស្ថាពរនៅឡើយទេ៕